ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមប្រឹក្សាអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ (ក្រុមប្រឹក្សា FSA) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃពុធបានអនុម័ត សេចក្តីព្រាងប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល ដែលស្នើឡើងដោយនិយ័តករមូលបត្រ (SERC) ដែលមានគោលបំណងកំណត់ច្បាប់ច្បាស់លាស់ សម្រាប់ក្រុមហ៊ុន និងការពារវិនិយោគិននៅក្នុងទីផ្សារមូលបត្រ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាFSA បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាFSA លើកទី២៧ និងមានការអញ្ជើញចូលរួមពីលោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងលោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅទីក្រុងភ្នំពេញនៅថ្ងៃទី២៤ ខែធ្នូ។
អ្នកចូលរួមសំខាន់ៗផ្សេងទៀតរួមមាន លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករបរធនបាលកិច្ច លោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច (TR) លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយតករធានារ៉ាប់រងកម្ពុជា (IRC) និងលោក ប៊ូ ថារិន អគ្គនាយកនិយតករគណនេយ្យ និងសវនកម្ម (ACAR) សមាជិកក្រុមប្រឹក្សាFSA។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សាFSA បានពិនិត្យឡើងវិញនូវរបៀបវារៈចំនួនប្រាំពីរ ដែលរៀបចំដោយអ្នកជំនាញហិរញ្ញវត្ថុ SERC ដោយពិភាក្សាអំពីបញ្ហាគោលនយោបាយ និងបច្ចេកទេសសំខាន់ៗ ដើម្បីធានាបាននូវការស្របគ្នា ជាមួយនឹងគោលដៅអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។
ចំណុចសំខាន់នៃសេចក្តីព្រាងប្រកាស បានផ្តោតលើការផ្តល់អាជ្ញាប័ណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យសកម្មឌីជីថល ដែលបានគូសបញ្ជាក់ពីក្របខ័ណ្ឌច្បាប់ និងប្រតិបត្តិការសម្រាប់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យដែលមានការរីកចម្រើន និងវិវត្តយ៉ាងឆាប់រហ័សនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់SERC សេចក្តីព្រាងប្រកាសនេះ បានបែងចែកជា៩ជំពូក និង៦៣ប្រការ ដោយបានកំណត់ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណ បន្តអាជ្ញាបណ្ណ និងកាតព្វកិច្ចផ្សេងៗ របស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ភ្នាក់ងារទ្រព្យឌីជីថល។
សេចក្តីប្រកាសនេះ ត្រូវបានរៀបចំឡើង ដើម្បីធានាឱ្យមាននូវសុច្ចរិតភាពទីផ្សារ តម្លាភាព សណ្តាប់ធ្នាប់ និងកិច្ចការពារវិនិយោគិន ដែលមានវិសាលភាពអនុវត្តន៍ ចំពោះគ្រប់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មទ្រព្យឌីជីថល ដែលមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យឌីជីថលជាយន្តការនៃការទូទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការអនុម័តសេចក្តីព្រាងប្រកាសនេះ ក្រុមប្រឹក្សា FSA បានផ្ដល់អាទិភាពដល់ការជំរុញ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣-២០២៨។
គោលនយោបាយនេះ ដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែតុលា ឆ្នាំ២០២៣ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ លើកកម្ពស់នវានុវត្តន៍ និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏រស់រវើក ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា ខណៈដែលធានាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងកែលម្អការទទួលបានសេវាកម្មសម្រាប់ទាំងអស់គ្នា រួមទាំងតំបន់ដែលមិនទាន់មានការអភិវឌ្ឍខ្លាំងផងដែរ។
ក្រុមប្រឹក្សាFSA ទទួលខុសត្រូវចំពោះបទប្បញ្ញត្តិ និងការត្រួតពិនិត្យសេវាហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងធានារ៉ាប់រង ប្រាក់សោធនឯកជន មូលបត្រ សន្តិសុខសង្គម ទំនុកចិត្ត គណនេយ្យ និងសវនកម្ម អចលនទ្រព្យ និងវិស័យបញ្ចាំ៕








