ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោកវ៉េង សុធីអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ”ច្បាប់ពាណិជ្ជកម្មអន្តរជាតិ”។
វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ ជាមួយនាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់ នៃក្រសួងពាណិជ្ជកម្ម ដោយមានសិក្ខាកាមចូលរួមមកពីនាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងគ្រូបង្គោល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ទាក់ទងនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ សម្រាប់ធ្វើការបណ្តុះ បណ្តាលបន្តជូនសហការីខ្លួន។
ក្នុងឱកាសនោះ លោកវ៉េង សុធីបានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក តម្រូវឱ្យកម្ពុជាមានកាតព្វកិច្ច ចំនួន២សំខាន់ៗ ដូចជា ទី១. កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចតាមការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការអនុម័តច្បាប់ និងបទប្បញ្ញត្តិចំនួន៤៨ ដើម្បីធានាអនុលោមភាពជាមួយអង្គការពាណិជ្ជកម្មពិភពលោក។
ជាលទ្ធផលគិតមកទល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានច្បាប់ និងបទប្បញ្ញតិចំនួន៤២ និងនៅសល់ច្បាប់ចំនួន៦ទៀត ដែលកំពុងរៀបចំគឺ៖ ក) ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ខ) ច្បាប់ស្តីពីគំនូសព្រាងនៃសៀគ្វីបំព្រួញ គ) ច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនបើកចំហ ឃ) ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម ង) ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និង ច) ច្បាប់ស្តីពីភ្នាក់ងារពាណិជ្ជកម្ម។
ទី២. កម្ពុជាមានកាតព្វកិច្ចផ្ដល់ព័ត៌មាន ទៅអង្គការពាណិជ្ជកម្មពិភពលោក រួមមាន៖ ក) អនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិ ឧបាស្រ័យពាណិជ្ជកម្ម ខ)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា -អេមីរ៉ាត់អារ៉ាប់រួម និង គ) ការបញ្ចប់វិធានការហាមឃាត់ការនាំចូល ជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក៕









