ARDBចុះMOUជាមួយស្ថាប័នចំនួន២ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកសិកម្ម និងជនបទ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួ យសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍកសិ កម្ម និងជនបទ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍កសិកម្ម ផ្តល់ហិរញ្ញប្បទាន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចគ្រួសារ របស់អតីតយុទ្ធជនកម្ពុជា បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងផ្តល់ជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលកសិកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នៅខេត្តកណ្តាល ក្រោមអធិបតីភាពរបស់ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ឋ។

យោងតាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតលើកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការទទួលបានហិរញ្ញវត្ថុ ជំនួយបច្ចេកទេស និងការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលកសិកម្ម។

ថ្លែងនៅក្នុងពិធីនោះ លោក គន់ គីម បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយARDB ដោយលើកឡើងថា វាជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជន។ លោកក៏បានអំពាវនាវឱ្យធនាគារ ផ្តល់លក្ខខណ្ឌសងប្រាក់កម្ចី ដែលមានភាពបត់បែន និងយោគយល់ ដើម្បីជួយដល់អ្នកទទួលផលផ្គត់ផ្គង់គ្រួសាររបស់ និងបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ។

លោកបានបន្តថា “សមាគមរបស់យើងបានរៀបចំដីជាង១០០ ហិកតានៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ស្រុកដំណាក់ត្រយឹង ខេត្តពោធិ៍សា​ត់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកសិកម្ម និងការចិញ្ចឹមជ្រូក ដោយការអនុវត្តត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥”។

ជាមួយគ្នានេះ លោក កៅ ថាច ក៏បានបញ្ជាក់ផងដែរថា ការផ្តល់ហិរញ្ញប្បទានក្រោមគំនិតផ្តួចផ្តើមនេះ នឹងផ្តល់ជូននូវអត្រាការប្រាក់ទាបបំផុត ហើយនឹងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំឡើយ។ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ARDB ក្នុងការគាំទ្រដល់វិស័យក​សិកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការកែលម្អជីវភាពរស់នៅសម្រាប់អតីតយុទ្ធជន តាមរយៈការផ្តល់ហិរញ្ញប្បទាន ដែលមានតម្លៃសមរម្យ និងជំនួយបច្ចេកទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here