អ្នកជំនាញៈបើកម្ពុជាអាចចូលជាសមាជិកនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក

ដោយៈ ម៉ាណា

    ភ្នំពេញៈ អ្នក​ជំនាញ​សេដ្ឋកិច្ចបាន​​​អះអាង​ថា កម្ពុជា​នឹងទទួល​បាន​ផល​វិជ្ជមាន​ច្រើន ​​បើ​អាច​ចូល​ជា​សមា​ជិក​នៃកិច្ចព្រមព្រៀង​ពា​ណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក (CPTPP) ។

បច្ចុប្បន្នប្លុកនេះ ​មាន​ប្រទេសជា​សមាជិក​​ចំនួន១២ និង​មាន​ទំហំ​សេដ្ឋកិច្ច​​ប្រហែល១៥%​ នៃផលិត​ផលសរុបរបស់ពិភព​លោក​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមគេហទំព័រ https://www.bilaterals.org កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ កន្លងមកបាន​លើក​ឡើង​ថា មន្ត្រីមកពីប្រទេសជាសមាជិកនៃ​កិច្ចព្រមព្រៀង CPTPP បាននិយាយថា ប្រទេសកម្ពុជាបានដាក់ពាក្យសុំចូលជា​សមាជិក ​នៃ​​​កិច្ចព្រមព្រៀង​CPTPP។ ការពិភាក្សាអំពីការចូលជាសមាជិករបស់ប្រទេសកម្ពុជា ​នឹងចាប់ផ្តើមនៅពេលសមាជិក​ទាំងអស់ផ្តល់ការយល់ព្រម និងបង្កើតក្រុមការងារមួយ​ ដើម្បីពិភាក្សាអំពីលក្ខខណ្ឌមួយ​ចំនួន​។

កិច្ចព្រមព្រៀងCPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨ នៅទីក្រុងសាន់ទីយ៉ាហ្គោ ប្រទេសឈីលី ដែលមានប្រទេស​ជាសមាជិក​ដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចក្រភពអង់គ្លេសបាន​ក្លាយ​ជាសមាជិកទី១២ ក្នុង​កិច្ចព្រមព្រៀងនេះ​​កាល​ពី​ឆ្នាំ​២០២៤។

អ្នកវិភាគ​សេដ្ឋកិច្ច​​លោក ឡោ វិចិត្រ បានលើកឡើងថា CPTPP គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​​ធំមួយ ​​ដែល​មាន​ប្រទេសជា​​សមាជិក​ចំនួន១២ ហើយ​ក្នុង​ចំណោម​នោះ ​ក៏​មាន​ប្រទេស​មួយ​ចំនួន​ជា​​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (RCEP) ដូចកម្ពុជា​ដែរ​។​ លោក​បន្ត​ថា ការ​ចូល​ជា​សមាជិក​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​វិជ្ជមាន​ជាច្រើន​។

លោក​បន្ត​ថា “នេះ​អាច​ជាការ​ធ្វើ​ពិពិធកម្មពាណិជ្ជកម្ម ​រយៈ​ពេល​មធ្យម និង​វែង​របស់​កម្ពុជា​”។​លោក​បន្ថែម​ថា “ជា​​រួម​ការ​ចង់ចូល CPTPP ​​មាន​ន័យ​ថា​រដ្ឋាភិបាល​កម្ពុជា ​មាន​គោល​បំណង​​​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​​របស់​ខ្លួន​ឱ្យ​​កាន់​តែ​ច្រើន​ ជាពិសេស​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន ​អាមេរិក​ខាង​ជើង និង​ចក្រភព​អង់គ្លេស​”។​

ចំណែកលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យ​សភាកម្ពុជាបានលើកឡើងផងដែរថា បើ​សិន​​​កម្ពុជាអាចចូលជាសមាជិក​របស់​CPTPP គឺពិត​ជា​នឹងផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចរបស់​ខ្លួន ​​តាមរយៈការពង្រីកទីផ្សារនាំចេញ ​ផលិតផល​​របស់​ខ្លួន​ទៅប្រទេស​កាន់​តែ​ច្រើន​ ជា​ពិសេស​នៅ​ទ្វីប​អាមេរិក និង​ចក្រភព​អង់គ្លេស​។​ នៅ​ពេល​​ក្លាយ​ជា​​សមាជិក គឺ​កម្ពុជា​​​នឹង​មានសិទ្ធិក្នុងការជជែក​ស្មើមុខ ស្មើមាត់ជាមួយប្រទេសជាសមាជិក​CPTPP ដទៃ​ទៀត​សម្រាប់​ការពង្រីកទីផ្សារ​នាំចេញ ​ផលិតផល​របស់​ខ្លួន​​ទៅលក់​នៅបណ្តាប្រទេសជាដៃគូ​ទាំងអស់​ក្នុង​លក្ខខណ្ឌ​ពិសេស​​។

លោក​បញ្ជាក់​ថា “​ប្រសិនបើយើងមានឱកាសក្លាយជាសមាជិក អ្វីដែល​យើង​ត្រូវធ្វើ​គឺ​ការ​សម្រិតសម្រាំង ឬគិតគូរ​ឱ្យ​បាន​ម៉ត់ចត់​ពីផលិ​តផល​របស់​នាំ ​ទៅ​ទីផ្សារ​ប្រទេស​ជា​សមាជិក​​CPTPP និង​ការគិត​គូរ​ពី​កម្រិត​ស្តង់ដាផលិតផល​ផងដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here