ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោកសាស្ត្រាចារ្យ Toshitaka Sekine នៃសាកលវិទ្យាល័យ Hitotsubashi នៅប្រទេសជប៉ុន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។
សន្និសីទដ៏មានសារៈសំខាន់នេះមានវត្តមានចូលរូមរបស់មន្ត្រី-តំណាងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វិទ្យាស្ថានសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុក-ក្រៅស្រុក សហគ្រាសធុនតូច និងមធ្យម (SME) និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ២៥០រូប។
នៅក្នុងបរិបទបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម ក្នុងគ្រប់វិស័យទាំងអស់កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូល តាមរយៈការបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ និងការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់។
នៅក្នុងកម្មវិធីនេះ អ្នកស្រាវជ្រាវ និងវាគ្មិនដែលមកពីធនាគារជាតិនៃកម្ពុជា ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សាជីវកម្មអន្តរជាតិ (IFC) នៃធនាគារពិភពលោក សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គ្រឹះស្ថានឧត្តមសិក្សានិងវិទ្យាស្ថានស្រាវជ្រាវ និងអ្នកចូលរួម បានពិភាក្សា ធ្វើបទបង្ហាញ ចែករំលែកបទពិសោធ និងសួរសំណួរយ៉ាងផុលផុសទាក់ទងនឹងប្រធានបទនៃសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២នេះ។









