តើកត្តាទំនោរទីផ្សារប៉ះពាល់ដល់តម្លៃភាគហ៊ុនយ៉ាងដូចម្តេច?

ដោយៈ ចំណាន

    ភ្នំពេញៈ ទំនោរ​ទីផ្សារ ឬ​កត្តា​ចិត្តសាស្ត្រ​របស់​វិនិយោគិន គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​អារម្មណ៍ ឬទស្សនៈ​របស់​វិនិយោគិន ​ចំពោះស្ថានភាពនៅ​លើ​ទីផ្សារ។ ​

វិនិយោគិន​ធ្វើ​ការ​សម្រេច​ចិត្ត​វិនិយោគ ដោយ​ផ្អែក​លើ​អារម្មណ៍​ផ្ទាល់​ខ្លួន ឬ​តាម​គេ ​តាម​ឯង ច្រើនជាង​ធ្វើការ​វិភាគបែប​មូលដ្ឋាន និងការវិភាគបែប​បច្ចេកទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តា​ទំនោរ​ទីផ្សារ​នេះ ​ពិបាក​វាស់វែង និង​គ្រប់គ្រង ដោយសារ​តែគ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការ​វិភាគ ប៉ុន្តែ​វា​អាចជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់​សម្គាល់​មក​លើ​បម្រែបម្រួល​ថ្លៃ​ភាគហ៊ុន ​ក្នុង​ទីផ្សារ​ក្នុងរយៈពេលខ្លី ដូច្នេះសូម្បីតែក្រុមហ៊ុនបោះផ្សាយ ដែលមានសុខភាពហិរញ្ញវត្ថុល្អ ក៏ថ្លៃភាគហ៊ុនរបស់ពួកគេអាចនឹងធ្លាក់ចុះ ដោយសារទំនោរទីផ្សារមិនល្អ។

ឧទាហរណ៍ នៅ​ពេល​ដែល​មានក្រុមហ៊ុនបោះផ្សាយថ្មី ​​ទើប​តែ​ចុះ​បញ្ជីនៅលើទីផ្សារ វិនិយោគិន​មួយ​ចំនួន​អាចលក់​ភាគហ៊ុន​ ដែលមានស្រាប់ ​ដើម្បី​បង្វែរទុនទៅទិញភាគហ៊ុនថ្មី​។ ជាលទ្ធផល តម្លៃភាគហ៊ុនថ្មីនឹងមាននិន្នាការកើនឡើង ដោយសារការកើនឡើងនៃតម្រូវការ ខណៈពេលដែលភាគហ៊ុន ដែលមានស្រាប់ត្រូវបាន​គេ​លក់​ចេញ​ច្រើន​។

ការប្រែប្រួលនៃថ្លៃភាគហ៊ុន ជាពិសេសថ្លៃភាគហ៊ុនធ្លាក់ចុះ មិនសុទ្ធតែបញ្ជាក់ពីស្ថានភាពរបស់ក្រុមហ៊ុន បោះផ្សាយមានបញ្ហានោះទេ ដូ​ច្នេះសម្រាប់អ្នកដែលមានសាច់ប្រាក់នៅទំនេរ គួរតែពិចារណាកត្តាទាំងនេះឱ្យម៉ត់ចត់ មុនធ្វើការសម្រេចចិត្តវិនិយោគ ដោយផ្អែកលើមូលដ្ឋាននៃអាជីវកម្មដែលមានស្ថិរភាព និងសក្តានុពលលូតលាស់របស់ក្រុមហ៊ុនបោះផ្សាយ ដើម្បីបង្កើនឱកាសទទួលបានផលចំណេញ និងកាត់បន្ថយហានិភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here