ដោយៈ ម៉ាណា
ព្រះសីហនុៈ រាជរដ្ឋាភិបាលបានសម្រេចបន្តកម្មវិធីពិសេស ជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ចំនួន២ឆ្នាំបន្ថែមទៀត ដោយចាប់ផ្តើមពីឆ្នាំ២០២៦ ដល់ដំណាច់ឆ្នាំ២០២៧។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៥ នៅពេលលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានជួបពិភាក្សាជាមួយក្រុមមន្រ្តី និងបង្ហាញលទ្ឋផលរយៈពេល២ឆ្នាំ នៃការអនុវត្តកម្មវិធីលើកទឹកចិត្តការវិនិយោគនៅខេត្តមួយនេះ។
លោកបន្តថា ការបន្តរយៈពេល២ឆ្នាំបន្ថែមទៀតនេះ គឺរក្សាវិធានការដដែល និងបន្ថែមវិធានការចំនួន៤ ទៀត រួមមាន ១). សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និងទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និងរោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ។
ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានដាក់ចេញទិសដៅការងារបន្ត ក្នុងឆ្នាំ ២០២៦ និង២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និងយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្ត៕









