ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈមួយចំនួន រួមមាន ការប្រកាសសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបតែងតាំងថ្មី វឌ្ឍនភាពការងារសំខាន់ៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដូចជាការងារវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ និងការងារពាក់ព័ន្ធផ្សេងទៀត។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំង ១៦រូប ដែលបានទទួលការទុកចិត្ត និងតែងតាំងនៅក្នុងមុខតំណែងថ្មីនៅតាមបណ្តាអគ្គនាយកដ្ឋាន និងនាយកដ្ឋាន និងជំរុញដល់ ឯកឧត្តម លោក លោកស្រី សូមបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យ និងទិសដៅការងារជូនក្រសួង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងនឹងបញ្ហាសង្គ្រាមឈ្លានពានដែល បង្កដោយកងទ័ពថៃមកលើកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគ ជាថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចការមនុស្សធម៌ ក្នុងការគាំទ្រដល់វីរកងទ័ពជួរមុខ និងបន្ធូរបន្ថយការលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសដើម្បីជាតិមាតុភូមិយើង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីកិច្ចការដោះស្រាយចំពោះមុខលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពថៃផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ ថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តរួបរួមគ្នា និងខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងរាជរដ្ឋាភិបាល ជាពិសេសសូមចូលរួមជាធ្លុងមហាសាមគ្គីជាតិខ្មែរ នៅក្នុងកាលៈទេសៈប្រទេសជាតិយើងត្រូវបានឈ្លានពានដោយបច្ចាមិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here