ក្រុមហ៊ុនទេសចរណ៍ចិនធំៗចំនួន១៤ចាប់អារម្មណ៍លើសក្តានុពល និងការវិនិយោគនៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ខេត្តក្រុង និងរដ្ឋធានីប៉េកាំងចាប់អាម្មរណ៍ លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។

ព័ត៌មាននេះត្រូវបានបង្ហាញនៅពេល លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក  “វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន”  ដោយមានការចូលរួមពីលោកJiang Chao តំណាងស្ថានទូតសាធារណរដ្ឋ ចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំសមាគមនានា និងមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងឱកាសនេះ អ្នករៀបចំកម្មវិធិវេទិកាធុរកិច្ចចិន និងកម្ពុជា បានរាយការណ៍ជូន គណៈអធិបតីអំពីការចូលរួមក្នុងជំនួបផ្គូផ្គង ដែលមានអ្នកទិញ ជាង៦៣ក្រុមហ៊ុនទេសចរណ៍ធំៗ ពីខេត្តក្រុង១៤ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយអ្នកលក់ជាការី ទេសចរណ៍កម្ពុជាធំៗជាង៧៥​ក្រុមហ៊ុន​ ដែលមានចាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសណ្ឋា​គារម៉ាកអន្តរជាតិល្បីៗ ជាច្រើនជាមួយនឹងការរំពឹងទុក លើលទ្ធផលចុះកិច្ចសន្យាទិញកញ្ចប់ ទស្សនកិច្ចចាប់ពី៧៥%ឡើងទៅ។

ទន្ទឹមនឹងនេះដែរ អ្នករៀបចំកម្មវិធី ក៏បានរៀបចំជូនអ្នកទិញនូវដំណើរទស្សនកិច្ច ស្វែងយល់ពីសក្តានុពលទេសចរណ៍ ទៅជាច្រើនគោលដៅទេសចរណ៍របស់កម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។ល។

ក្នុងឱកាសនោះ លោកហួត ហៃអភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់រាជធានីភ្នំពេញ ដែលជាបេះដូងនៃកម្ពុជា ជាមួយចំនួនប្រជាជនជាង២លាននាក់ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវត្តមានដ៏ច្រើន របស់ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ ជិត១៦០០ក្រុមហ៊ុន ដែលបានចូលរួមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារាជធានីភ្នំពេញ ចំនួនជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានចំនួនជាង១,១​លាននាក់ គិតត្រឹម១១ខែ ឆ្នាំ២០២៥ នេះ។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងចិន លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណ ចំពោះការអញ្ជើញមករបស់ធុរជនចិនដែលពិតជាបានពិនិត្យមើលជាក់ស្តែង អំពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជានាពេលនេះ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិ ប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។

លោករដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ពិសេសគឺការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិននាឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានទូលំទូលាយ និងដល់ភ្ញៀវទេសចររបស់ក្រុមហ៊ុន ដើម្បីបង្កើនចំនួ​នភ្ញៀវទេសចិនមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here