ដោយៈ ម៉ាណា
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា កម្ពុជានឹងទទួលបានផលវិជ្ជមានច្រើន បើអាចចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (CPTPP) ។
បច្ចុប្បន្នប្លុកនេះ មានប្រទេសជាសមាជិកចំនួន១២ និងមានទំហំសេដ្ឋកិច្ចប្រហែល១៥% នៃផលិតផលសរុបរបស់ពិភពលោក។
យោងតាមគេហទំព័រ https://www.bilaterals.org កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងមកបានលើកឡើងថា មន្ត្រីមកពីប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP បាននិយាយថា ប្រទេសកម្ពុជាបានដាក់ពាក្យសុំចូលជាសមាជិក នៃកិច្ចព្រមព្រៀងCPTPP។ ការពិភាក្សាអំពីការចូលជាសមាជិករបស់ប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅពេលសមាជិកទាំងអស់ផ្តល់ការយល់ព្រម និងបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាអំពីលក្ខខណ្ឌមួយចំនួន។
កិច្ចព្រមព្រៀងCPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៨ នៅទីក្រុងសាន់ទីយ៉ាហ្គោ ប្រទេសឈីលី ដែលមានប្រទេសជាសមាជិកដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចក្រភពអង់គ្លេសបានក្លាយជាសមាជិកទី១២ ក្នុងកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០២៤។
អ្នកវិភាគសេដ្ឋកិច្ចលោក ឡោ វិចិត្រ បានលើកឡើងថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយ ដែលមានប្រទេសជាសមាជិកចំនួន១២ ហើយក្នុងចំណោមនោះ ក៏មានប្រទេសមួយចំនួនជាសមាជិកនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដូចកម្ពុជាដែរ។ លោកបន្តថា ការចូលជាសមាជិកនឹងជួយឱ្យកម្ពុជាទទួលបានផលវិជ្ជមានជាច្រើន។
លោកបន្តថា “នេះអាចជាការធ្វើពិពិធកម្មពាណិជ្ជកម្ម រយៈពេលមធ្យម និងវែងរបស់កម្ពុជា”។លោកបន្ថែមថា “ជារួមការចង់ចូល CPTPP មានន័យថារដ្ឋាភិបាលកម្ពុជា មានគោលបំណងពង្រីកដៃគូពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែច្រើន ជាពិសេសបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន អាមេរិកខាងជើង និងចក្រភពអង់គ្លេស”។
ចំណែកលោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងផងដែរថា បើសិនកម្ពុជាអាចចូលជាសមាជិករបស់CPTPP គឺពិតជានឹងផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការពង្រីកទីផ្សារនាំចេញ ផលិតផលរបស់ខ្លួនទៅប្រទេសកាន់តែច្រើន ជាពិសេសនៅទ្វីបអាមេរិក និងចក្រភពអង់គ្លេស។ នៅពេលក្លាយជាសមាជិក គឺកម្ពុជានឹងមានសិទ្ធិក្នុងការជជែកស្មើមុខ ស្មើមាត់ជាមួយប្រទេសជាសមាជិកCPTPP ដទៃទៀតសម្រាប់ការពង្រីកទីផ្សារនាំចេញ ផលិតផលរបស់ខ្លួនទៅលក់នៅបណ្តាប្រទេសជាដៃគូទាំងអស់ក្នុងលក្ខខណ្ឌពិសេស។
លោកបញ្ជាក់ថា “ប្រសិនបើយើងមានឱកាសក្លាយជាសមាជិក អ្វីដែលយើងត្រូវធ្វើគឺការសម្រិតសម្រាំង ឬគិតគូរឱ្យបានម៉ត់ចត់ពីផលិតផលរបស់នាំ ទៅទីផ្សារប្រទេសជាសមាជិកCPTPP និងការគិតគូរពីកម្រិតស្តង់ដាផលិតផលផងដែរ”៕










