ស្ថិតក្នុងដំណាក់កាលដ៏លំបាកវិស័យទេសចរណ៍កម្ពុជានៅ តែមានភាពធន់នឹងវិបត្តិ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យទេសចរណ៍កម្ពុជា នៅតែមានភាពធន់នឹងវិបត្តិ ដោយសារក្នុងស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ រដ្ឋ និងវិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង ឱ្យបានទាន់ពេលវេលា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត រវាងក្រសួងទេសចរណ៍ ជាមួយវិស័យឯកជន ដើម្បីបន្តកិច្ចពិភាក្សា ក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែន កម្ពុជា ថៃ ដែលបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញ ការផ្សព្វផ្សា​យកម្ពុជា  ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលវាយប្រហារមកលើវិស័យទេសចរណ៍កម្ពុជា។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិ​ការប្រចាំការ លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិCTB ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ាហ៊ី សុធា ប្រធានសមាគមថ្នាក់ជាតិសណ្ឋាគារ, លោកម៉េត សុជាតិ តំណាងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌាជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សូមអំពាវនាវឱ្យប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បន្តសកម្មភាពជាប្រក្រតី និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជួយគាំទ្រប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកនេះ ដែលក្រសួងទេសចរណ៍ សូមដាក់ចេញនូវ រដូវកាលសាមគ្គីភាព (Solidarity Season) ដែលខ្មែរជួយខ្មែរ ខ្មែរជួយអាជីវកម្មរបស់ខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here