ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកLeyva Andrew ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសន្យាជម្រុញកិច្ចសហប្រតិតបត្តិការលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ស្របពេលវិនិយោគិនអាមេរិកកើនឡើងនៅកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពេលលោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាត្តឲ្យលោក និងសហការីទទួលជួបពិភាក្សាការងារ ។
គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរយោបល់ទៅលើស្ថានភាពសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ ការអនុវត្តគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការពង្រឹងទំនាក់ទំនងក្នុងវិស័យធនាគារ។
ក្នុងជំនួបនេះ លោករ័ត្ន សុវណ្ណនរៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានខិតខំពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងប្រឹងប្រែងស្វែងរកដំណោះស្រាយសន្តិភាពចំពោះជម្លោះរវាងថៃ-កម្ពុជា។
លោកបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជានាឆ្នាំ២០២៥ និងទស្សនវិស័យនាឆ្នាំ២០២៦ ខាងមុខ។
លោក Leyva Andrew បានបង្ហាញពីចំណាប់អារម្មណ៍លើកំណើនសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈម ហើយបានសម្តែងការប្តេជ្ញាចិត្តពង្រឹងកិច្ចសហការ ក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
លោកLeyva ក៏បានបង្ហាញពីការគាំទ្រ តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងវិស័យធនាគារ ដោយបញ្ជាក់ថា នាពេលកន្លងមក ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយបច្ចេកទេសមកធនាគារជាតិនៃកម្ពុជាផងដែរ៕








