ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងត្រៀមដាក់ទណ្ឌកម្មថ្មីលើការនាំចេញប្រេងរបស់រុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនឯកភាពលើកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងរៀបចំទណ្ឌកម្មមួយជុំទៀតលើការនាំចេញថាមពលរបស់រុស្ស៊ី ក្នុងករណីដែលទីក្រុងមូស្គូមិនយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។
មន្ត្រីសេតវិមានមួយរូបបានទម្លាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនទាន់បានធ្វើការសម្រេចចិត្តណាមួយចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ីនៅឡើយទេ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤២សេនដល់៦០,១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0256 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានកើនឡើង៤៤សេនដល់៥៦,៣៨ដុល្លារក្នុងមួយបារ៉ែល៕







