ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ព្រមទាំងលោក Vijay Kumar Akasam ប្រធានប្រតិបត្តិការបេសកកម្ម នៅកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ គឺជាឯកសារ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មជាលើកទី៤ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនាឆ្នាំ២០០១ ដោយមានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឆ្លើយតបទៅនឹងការវិវត្ត ឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទាក់ទងនឹងសមិទ្ធផលថ្មីនេះ មន្ត្រីជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជានិងសមាគមធនាគារនៅកម្ពុជា ក៏បានចូលរួមវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពី “ការកសាងអនាគត៖មគ្គុទេសក៍បង្ហាញផ្លូវសម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា” ដើម្បីចែករំលែកព័ត៌មាន និងទស្សនាទានដល់អង្គពិធីក្រោមកិច្ចសម្របសម្រួល ពីមន្ត្រីជំនាញជាន់ខ្ពស់មកពីធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ៕










