ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករាជ រ៉ា បានអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមស្តីអំពី “គោលនយោបាយ ជំរុញពាណិជ្ជកម្ម” ក្នុងវគ្គតម្រង់ទិសជូនដល់មន្ត្រីការទូតជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំងថ្មីចំនួន២១នាក់។
វគ្គតម្រង់ទិសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹង និងបង្កើនប្រសិទ្ធភាពបំពេញការងារ របស់មន្រ្តីការទូតឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព ក្នុងការការពារផលប្រយោជន៍ និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការសិក្សាស្វែងយល់នូវគោលនយោបាយការបរទេសកម្ពុជា ការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងព្រឹត្តការណ៍នយោបាយ- សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានចែករំលែកនូវចំណេះដឹងផ្នែកពាណិជ្ជកម្ម និងធ្វើបទបង្ហាញដែលផ្ដោតសំខាន់ លើមាតិកាចំនួន ៦ ដូចជា៖ ១. ស្ថានភាពទូទៅនៃពាណិជ្ជកម្មកម្ពុជា ២. កម្ពុជានិងសមាហរណកម្មសេដ្ឋកិច្ច ៣. កិច្ចសម្រួលពាណិជ្ជកម្ម និងការជំរុញពាណិជ្ជកម្ម ៤. អនុព័ន្ធពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ៥. ការកសាងច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រ និង ៦. ទិសដៅការងារបន្ត។
លោករដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីការទូត ដែលត្រូវបានតែងតាំងថ្មី ដែលជាអ្នកការទូតសេដ្ឋកិច្ចផងដែរនោះ ចូលរួមជួយផ្សព្វផ្សាយសក្តានុពលនៃការវិនិយោគនៅកម្ពុជា ការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា និងនៅកម្ពុជា ព្រមទាំងបន្តសហការជាមួយអនុព័ន្ធពាណិជ្ជកម្ម ឬតំណាងពាណិជ្ជកម្ម នៅក្រៅប្រទេសឱ្យបានជិតស្និទ្ធ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនយើង៕








