ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំស្ដីពី “បច្ចុប្បន្នភាពនៃការអនុវត្ត នយោបាយរូបិយវត្ថុនៅកម្ពុជា ឆ្នាំ២០២៥” ក្រោមអធិបតីភាព លោកគីមទី កោមលី អគ្គនាយកប្រតិបត្តិការកាលពីចុងសប្តាហ៍មុននេះ។
ក្នុងឱកាសនោះ លោកអគ្គនាយកប្រតិបត្តិការ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) និងការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ ព្រមទាំងបានលើកទឹកចិត្តនិងជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ចូលរួមប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន ដើម្បីរួមចំណែកដល់ការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា កាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះមានកិច្ចពិភាក្សា ចូលរួមដោយវាគ្មិនមកពីធនាគារជាតិនៃកម្ពុជា និងបទបង្ហាញដោយតំណាងធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ដើម្បីចែករំលែកបទពិសោធទាក់ទងនឹងការគ្រប់គ្រងសន្ទនីយភាព និងបញ្ហាប្រឈមនានា។
បន្ថែមលើនេះ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមក៏បានលើកសំណូមពរ ទាក់ទងនឹងការអនុវត្តនយោបាយរូបិយវត្ថុផងដែរ។
កិច្ចប្រជុំនេះមានការចូលរួម ពីតំណាងសមាគមធនាគារនៅកម្ពុជា និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសរុបចំនួន២០០រូប៕








