ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានបើកកិច្ចពិភាក្សាជាមួយធនាគារចំនួន៦ ពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃការផ្តល់សេវា និងការប្រមូលចំណូល។
កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឡើងតាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ និងប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP និងជាការត្រៀមលក្ខណៈយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ នៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងមានភាពធន់។
លោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ទទួលបន្ទុកការងារបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកតំណាងធនាគារធំៗចំនួន៦ស្ថាប័ន ពាក់ព័ន្ធនឹងការសហការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រួម (ប្រព័ន្ធcdcOSP) របស់ ក.អ.ក. សំដៅជំរុញការធ្វើឌីជីលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែប្រសើរ និងចំណាយពេលវេលាកាន់តែតិច ជូនដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ព្រមទាំងពង្រឹងកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ក្នងការធានានូវភាពធន់ និងលទ្ធភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។
កិច្ចប្រជុំពិភាក្សានារសៀលនេះ មានការចូលរួមពីលោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ទទួលបន្ទុកការងារជំរុញគម្រោងវិនិយោគឯកជន ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធពីនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជន និង នាយកដ្ឋានហិរញ្ញវត្ថុ។
ជាមួយគ្នានោះ ធនាគារធំៗទាំង៦ ដែលបានចូលរួម មានដូចជា៖ (១)ធនាគារអេស៊ីលីដា ភីអិលស៊ី (២)ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (៣)ធនាគារ វីង (៤)ធនាគារ កាណាឌីយ៉ា, (៥)ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, និង (៦)ធនាគារ ជីបម៉ុង។
កិច្ចពិភាក្សាពាក់ព័ន្ធ នឹងការសហការតភ្ជាប់ប្រព័ន្ធ cdcOSP នេះ មិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ ក្នុងយុគសម័យឌីជីថល បើទោះបីជាប្រទេសជាតិ កំពុងស្ថិតក្នុងបរិបទដ៏តានតឹង ដោយសារស្ថានការណ៍ ការឈ្លានពានពីបរទេសកំពុងតែក្តៅគគុកក៏ដោយ។
ការរៀបចំប្រព័ន្ធទូទាត់ឌីជីថល ប្រកបដោយប្រសិទ្ធភាព នឹងចូលរួមជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យបានលឿនរហ័សឡើងវិញ តាមរយៈការទាក់ទាញ និងសម្រួលលំហូរវិនិយោគប្រកបដោយទំនុកចិត្ត។
បន្ថែមពីនោះ ក.អ.ក. រួមជាមួយធនាគារដៃគូទាំង៦ស្ថាប័នដែលបានចូលរួម បានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តផែនយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក.អ.ក. ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសចំណុលខ្ពស់ក្នុងឆ្នាំ២០៥០។
ក្រោមការដឹងនាំ និងចង្អុលបង្ហាញផ្ទាល់ពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធទូទាត់ប្រាក់រួមcdcOSP ដែលជាថ្នាលកណ្តាលតភ្ជាប់រវាងប្រព័ន្ធផ្តល់សេវា និងប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារដៃគូ។
ប្រព័ន្ធcdcOSP នេះគឺជាចំណុចគន្លឹះដ៏សំខាន់ នៃប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ដែលបាននិងកំពុងសម្រួល ដល់ការបង់កម្រៃសេវាឱ្យមានលក្ខណៈសម្បូរបែប និងស្វ័យប្រវត្តិ ដោយអាចទូទាត់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤ មានគម្រោងវិនិយោគប្រមាន៤១៤គម្រោង និងមានការកើនឡើងជាង៦០០គម្រោង សម្រាប់ត្រឹមរយៈពេល១១ខែដើមឆ្នាំ២០២៥។
រីឯរយៈពេលនៃការផ្តល់សេវា ក៏ត្រូវបានកាត់បន្ថយមកនៅត្រឹមប្រមាណជាង១០ថ្ងៃធ្វើការ។ ទាំងនេះ បានស្តែងឱ្យឃើញពីកំណើនទាំងបរិមាណ និងគុណភាព ក្នុងការផ្តល់សេវាសាធារណៈ ដែលកើតចេញពីការគិតគូយ៉ាងត្រឹមត្រូវ ក្នុងការកំណត់អាទិភាពការងាររបស់ស្ថាប័ន និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធរបស់ ក.អ.ក.៕








