ក្រុមការងារសម្រេចបង្កើតក្រុមការងារចំរុះ ដែលមានការចូលរួមពី ក្រសួងមហាផ្ទៃនិងវិស័យធនាគារឯកជន

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ សភាពាណិជ្ជកម្ម និងសមាគមនានា បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ក្នុងការប្រយុទ្ធប្រឆាំ​ងបទល្មើសឆបោកតាមប្រព័ន្ធធនាគារ។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី “យន្តការ និងដំណើរការរួមគ្នាក្នុងកិច្ចប្រតិបត្តិការ រវាងមន្ត្រីអនុវត្តច្បាប់វិស័យរដ្ឋ និងវិស័យឯកជន ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ក្រោមយន្តការ ក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះធ្វើឡើង ក្រោមការសហដឹកនាំ ដោយឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជាអនុសហប្រធានទី១ ក្រុមការងារ “ង” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ង”​ តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ លោកជំទាវឧកញ៉ានួន ពេជ្រសុផល អគ្គនាយកស្តីទីសភាពាណិជ្ជកម្មកម្ពុជា  និងមន្ត្រីពាក់ព័ន្ធជំនាញ នៃអគ្គស្នងការនគរបាលជាតិ តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា​ តំណាងធនាគារ គ្រឹះស្ថានមីក្រូងហរិញ្ញវត្ថុឯកជន និងសមាជិក សមា​ជិកនៃក្រុមការងារ​ “ង” ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអនុវត្តច្បាប់វិស័យរដ្ឋ និងវិស័យឯកជន ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លើចំណុចស្នូលដូចជា ទី១ ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធធនាគារ ដែលកំពុងតែកើតមានឡើង ក្នុងប្រ​ទេសកម្ពុជា។

ទី២ ទទួលធាតុចូលពីផ្នែកឯកជនពាក់ព័ន្ធនឹងបញ្ហា សំណើ ដំណោះស្រាយ និងនីតិវិធីមួយចំនួនក្នុងន័យជួយបង្កើនការ ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធធនាគារនៅកម្ពុជា។ ទី៣ បង្កើតក្រុមការ​ងារចំរុះ ដែលមានការចូលរួមពីវិស័យឯកជន ក្នុងវិស័យធនាគារក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធធនាគារ និងទី៤ និងជាពិសេស ដើម្បីផ្តល់ធាតុចូល ដើម្បីពង្រឹង និងដោះស្រាយបញ្ហារួមគ្នារវាងវិស័យរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសបោសសម្អាតប្រាក់។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពសម្រេចបង្កើត ក្រុមការងារចំរុះ ដែលមានសមាសភាពចូលរួម ពីតំណាងធនាគារនីមួយៗ ក្រោមកិច្ចសម្របសម្រួលបច្ចេកទេស និងផ្លូវច្បាប់ផងដែរ ពីសំណាក់អគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here