ដោយ៖ សហការី
កំពត៖ នាថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ចុះពិនិត្យស្ថានភាពផ្ទាល់ជាក់ស្តែង ផ្លូវជាតិលេខ៤៣ (ត្រែងត្រយឹង ផ្លូវជាតិលេខ៤ – ទ្វារថ្មី ផ្លូវជាតិលេខ៣) ដោយមានការចូលរួមអមដំណើរពី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីរខេត្ត ព្រមទាំងមន្រ្តីជំនាញមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។
ដំណើរបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពតម្រាយខ្សែផ្លូវជាក់ស្តែងពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលពាក់ព័ន្ធផ្លូវជាតិលេខ៤៣ (ត្រែងត្រយឹង ផ្លូវជាតិលេខ៤ – ទ្វារថ្មី ផ្លូវជាតិលេខ៣) និងការប្រមូលនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធអំពីទិន្នន័យផ្លូវ ការធ្វើចរាចរណ៍របស់បងប្អូនពលរដ្ឋក្នុងតំបន់ និងអ្នកឆ្លងកាត់ ព្រមទាំងការស្ទង់មតិ និងការពិភាក្សាពិគ្រោះយោបល់ វាយតម្លៃលើការអនុវត្ដគម្រោងផ្លូវនេះផងដែរ។
ផ្លូវជាតិលេខ៤៣ គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពលដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចបំបែកត្រែងត្រយឹង ទៅកាន់ផ្លូវជាតិលេខ៣ ត្រង់ចំណុចប្រសព្វនៃភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
សូមជម្រាបជូនថាគម្រោងសាងសង់ផ្លូវជាតិលេខ៤៣នេះ ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានពីមូលនិធិសាអូឌីតសម្រាប់ការអភិវឌ្ឍ (Saudi Fund for Development-SFD) នៃព្រះរាជាណាចក្រអារ៉ាបីសាអូឌីត ផ្លូវនេះមានប្រវែងសរុបចំនួន ៧៦,០៨ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យ រួមមាន៖ស្ពានបេតុង ស្ពានបេឡេតិ៍ លូមូល និងលូប្រអប់ជាដើម៕











