ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីអាចជះផលប៉ះពាល់លើការផ្គត់ផ្គង់ប្រេង ហើយការជាប់គាំងនៃកិច្ចចរចាសន្តិភាពបានបន្ទាបការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយ ដែលអាចជួយស្តារលំហូរប្រេងរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។
ប្រភពចារកម្មយោធាអ៊ុយក្រែនបានអះអាងថា អ៊ុយក្រែនបានវាយប្រហារបំពង់បង្ហូរប្រេង Druzhba នៅក្នុងតំបន់ Tambov នៅភាគកណ្តាលនៃប្រទេសរុស្ស៊ី។ នេះជាការវាយប្រហារលើកទី៥ លើបំពង់បង្ហូរប្រេងដែលបញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងប្រទេសស្លូវ៉ាគី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៤សេនដល់៦២,៨១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0102 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៦សេនដល់៥៩,១១ដុល្លារក្នុងមួយបារ៉ែល៕







