ដោយ: សហសេវិក
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្សUBS របស់ស្វីសបានព្យាករណ៍ថា ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ និងសេដ្ឋកិច្ចនៅប្រទេសចិន អាចជំរុញឱ្យមានការកើនឡើង នៃការខកខានទូទាត់សងប្រាក់កម្ចី និងចំនួនផ្ទះដែលត្រូវបានរឹបអូស។
លោក John Lam ប្រធានផ្នែកស្រាវជ្រាវលើទីផ្សារអចលនទ្រព្យចិននៅធនាគារUBS បានអះអាងថា ចំនួនអាផាតម៉ិន ដែលត្រូវបានរឹបអូសដោយធនាគារ អាចកើនឡើងដល់ជាង២,៤លានយូនីត នៅត្រឹមឆ្នាំ២០២៧ខាងមុខ។
លោកLam បានលើកឡើងថា ការប្រកាសដាក់លក់ផ្ទះដែលត្រូវបានរឹបអូសទាំងនេះ អាចជះផលប៉ះពាល់ដល់ការលក់ផ្ទះថ្មី នៅ ប្រទេសចិន ប្រហែលមួយភាគបួនជារៀងរាល់ឆ្នាំ និងធ្វើឱ្យតម្លៃផ្ទះប្រភេទទី២ ធ្លាក់ចុះបន្ថែមទៀត ហើយនេះជាហានិភ័យចម្បងដែលយើងព្រួយបារម្ភ។
លោក Lam បានគូសបញ្ជាក់ថា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥ ទំហំប្រាក់កម្ចី ដែលមិនទាន់ទូទាត់សង (outstanding loan) បានកើនឡើងដល់ចំនួន៣៦,១ទ្រីលានយ័ន (ប្រមាណ៥,១ទ្រីលានដុល្លារអាមេរិក)។ តួលេខនេះមានកម្រិតខ្ពស់ជាងកម្រិតមុន ពេលផ្ទុះជំងឺរាតត្បាតប្រមាណ៣ដង។
ចំនួនផ្ទះ ដែលត្រូវបានរឹបអូសនឹងកើនឡើងដល់ចំនួន៦៤០.០០០យូនីតនៅចុងឆ្នាំនេះ និងបន្តកើនឡើងដល់ចំនួន១,៤៧លានយូនីតនៅឆ្នាំ២០២៦ ហើយនឹងកើនឡើងដល់២,៤៣លានយូនីតនៅឆ្នាំ២០២៧។ នេះបើយោងតាមធនាគារវិនិយោគខ្នាតយក្ស UBS របស់ស្វីស។
ប្រាក់កម្ចីមិនដំណើរការ(Non-performing loan) នៅក្នុងវិស័យធនាគាររបស់ប្រទេសចិន ស្ថិតក្នុងរង្វង់១,៥២ភាគរយ គិតត្រឹមចុងត្រីមាសទី៣។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាល បទប្បញ្ញត្តិហិរញ្ញវត្ថុជាតិ ដែលជាស្ថាប័នមានតួនាទីត្រួតពិនិត្យ វិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន៕ប្រភព: SCMP៕








