ដោយៈ ចំណាន
ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (អេមស៍) លោកអេង សុធីវ័ន្ត បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។
ភាគីIFADដឹកនាំដោយលោក Frew Behabtu នាយក IFAD ប្រចាំប្រទេសកម្ពុជា អមដោយ លោកស្រី Girija Srinivasan ប្រធានក្រុម និងក្រុមការងារផ្សេងទៀត ដើម្បីចាប់ផ្តើមការត្រួតពិនិត្យការអនុវត្តគម្រោង អេមស៍ ក្នុងឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ បទបង្ហាញពីលទ្ធផលសង្ខេបនៃការអនុវត្តការងារ ការតាមដានវឌ្ឍនភាពការងារដៃគូបច្ចេក ទេស និងការងាររបស់ធនាគារARDB ទៅលើសកម្មភាពមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ (VCIF) និងខ្សែបន្ទាត់ឥណទាន(LoC) ការកំណត់នូវបញ្ហាប្រឈម និងការរៀបចំផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦។
បេសកកម្មនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា និងIFAD ក្នុងការបង្កើត និងពង្រីកទីផ្សារប្រកបដោយបរិយាប័ន្ន ជំរុញផ្នែកកសិកម្មឱ្យមានលទ្ធភាពប្រកួតប្រជែង និងជួយលើកកម្ព ស់ជីវភាពរស់នៅរបស់កសិករខ្នាតតូច នៅទូទាំងប្រទេសកម្ពុជា៕








