ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃពុធនេះ ខណៈដែលក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលថា តើការចរចាសន្តិភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចបើកចំហឱ្យមានការផ្គត់ផ្គង់ប្រេងឆៅបន្ថែមទៀតបានដែរឬទេ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការផ្គត់ផ្គង់ប្រេងលើសតម្រូវការ។
រដ្ឋាភិបាលរុស្ស៊ីបានអះអាងនៅថ្ងៃពុធនេះថា រុស្ស៊ី និងសហរដ្ឋអាមេរិកមិនបានឈានដល់ការសម្របសម្រួលគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំរយៈពេល៥ម៉ោងរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៦២,៣២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0221 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១២សេនមកនៅត្រឹម៥៨,៥២ដុល្លារក្នុងមួយបារ៉ែល៕







