ដោយៈ ចំណាន
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាជាមួយសមភាគីអាមេរិក ដើម្បីជម្រុញនិងទាក់ទាញការវិនិយោគផ្ទាល់(FDI)ពីអាមេរិក មកកាន់កម្ពុជាឲ្យបានកាន់តែច្រើននាថ្ងៃអនាគត។
ក្នុងជំនួបរវាងលោកស៊ុន ចាន់ថុល និងប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិ (អតីតឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំប្រទេសវៀតណាម) បានធ្វើកាលពីរសៀលថ្ងៃទី១ ធ្នូកន្លងមកនេះ។
ជំនួបនេះបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
នៅក្នុងជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដែលមានតំណាងក្រុមហ៊ុនអាម៉េរិកធំៗជាច្រើន បានបង្ហា ញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីឧត្តមភាព នៃសក្តានុពលវិនិយោគកម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែទម្រង់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបរទេស តាមរយៈការអនុវត្ត ច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន និងបានបង្ហាញពីតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ក្នុងនាមជាច្រកតភ្ជាប់វិនិយោគិនអាម៉េរិកទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM ជាមួយនឹងកិច្ចសហការក្នុងការបង់កម្រៃសេវា តាមរយៈសេវាកម្មVisa និង MasterCard នៃធនាគារដៃគូ។
អង្គប្រជុំបានធ្វើការពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញលំហូរទុនវិនិយោគដោយផ្ទាល់(FDI) សហរដ្ឋអាម៉េរិក មកកាន់កម្ពុជាឱ្យកាន់តែច្រើន និងការស្វែងរកមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ លើកំណែទម្រង់គោលនយោ បាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មី និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ។
នៅជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូUS-ABC នេះ មិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជា វេទិកាទំនាក់ទំនងរវាងរដ្ឋនិងឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈម និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។
ជំនួបនេះត្រូវបានរំពឹងថា នឹងបង្កើនទំនុកចិត្តរបស់វិនិយោគិនអាម៉េរិកមកលើទីផ្សារកម្ពុជា និងបន្តជំរុញឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជានាពេលអនាគត៕








