ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយ ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី ដើម្បីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពស្តីពី ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។
វេទិកាG-PSF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន និងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា ការផ្តល់លទ្ធភាពឱ្យវិស័យឯកជនក្លាយជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងដោយមានវត្តមានចូលរួមជាអធិបតី ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
លោកដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
សិក្ខាសាលានេះក៏មានការចូលរួម ពីតំណាងក្រុមការងាររាជរដ្ឋាភិបាល និងផ្នែកឯកជននៃវេទិកាG-PSF ទាំង១៦ សភាពាណិជ្ជកម្មកម្ពុជា ស្ថានទូត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានាសរុបចំនួន២៥០នាក់។
ស្របតាមការប្រគល់ភារកិច្ច របស់រាជរដ្ឋាភិបាល ក.អ.ក បានបន្តធ្វើការតាមដាន និងវាយតម្លៃ និងបានរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការនានា ក្រោមយន្តការ G-PSF ចំនួន២លើករួចមកហើយ គឺប្រចាំឆមាសទី១ និងឆមាសទី២ ឆ្នាំ២០២៤។ សម្រាប់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥នេះ ជារបាយការណ៍លើកទី៣ដែលបានទទួលការឯកភាព ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
របាយការណ៍នេះបានរៀបរាប់លម្អិត អំពីវឌ្ឍនភាពនៅតាមវិស័យកំណែទម្រង់អាទិភាពរួមមាន ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ពន្ធដារ កិច្ចសម្រួលពាណិជ្ជកម្ម កសិកម្ម និងការធ្វើសាមញ្ញកម្មបទប្បញ្ញត្តិ៕









