ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីបានរៀបចំកិច្ចប្រជុំ ក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ “ឃ” អ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងផ្នែកឯកជន តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តំណាងសមាគមឧស្សាហកម្មយាន្តយន្តនៅកម្ពុជា និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធ ក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ដែលនៅសល់ លើកឡើងនូវបញ្ហាប្រឈមថ្មី ក៏ដូចជា បិទបញ្ចប់បញ្ហាមួយចំនួនរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.អត្ថប្រយោជន៍ពន្ធលើផ្ទះជួលសម្រាប់បុគ្គលិក និងកម្មករ ២. តម្រូវការសម្រាប់ការដាក់ពាក្យស្នើសុំការអនុគ្រោះពន្ធ ក្រោមកិច្ចព្រមព្រៀងទ្វេដង។ ៣.ផលប៉ះពាល់ពន្ធលើមូលនិធិសោធននិវត្តន៍ របស់និយោជិតក្រោមការគ្រប់គ្រងដោយផ្ទាល់។
៤. ការលក់នៅខាងក្រៅព្រំដែន ៥. ការបញ្ចុះតម្លៃមិនត្រូវបានអនុញ្ញាតជាការកាត់បន្ថយប្រាក់ចំណូល ៦. ការចេញពន្ធរបស់អ្នកចែកចាយលើពន្ធ១%លើប្រាក់ចំណូល ៧. បញ្ហាពន្ធ៥% លើប្រាក់ចំណូលលើសមមូល រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








