ដោយៈ ចំណាន
ភ្នំពេញៈ ការលើកឡើងរបស់សមាជិករដ្ឋសភាសហរដ្ឋអាមេរិក លោកស្រីBeth Van Duyne ស្តីពីទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក គឺជាក្តីសង្ឃឹមមួយ ដែលអាចអនុញ្ញាតឱ្យកម្ពុជា អាចទទួលបានផលវិជ្ជមានបន្ថែមទៀត ពីដំណើរការចរចាបញ្ចុះអត្រាពន្ធបដិការ សម្រាប់ការនាំទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក។
សមាជិករដ្ឋសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរ គឺគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រី Beth Van Duyne ហាក់បង្ហាញពីភាពវិជ្ជមានសម្រាប់កម្ពុជាកិច្ចចរចាពន្ធបដិការរវាងកម្ពុជា-អាមេរិក។
នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា(ម៉ោងនៅកម្ពុជា) លោកស្រី Beth Van Duyne បានលើកឡើងពីក្តីរីករាយ ដែលលោកស្រីបានជួបពិភាក្សា ជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស៊ុន ចាន់ថុល នៅទីក្រុងវ៉ាស៊ីងតោន ឌីស៊ី ដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងទាក់ទងនឹង ការកំណត់ពន្ធបដិការដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក បានដាក់ចំពោះទំនិញនាំចូលពីប្រទេសកម្ពុជា។
លោកស្រីសរសេរថា “ក្នុងនាមជាសហប្រធាននៃក្រុមអ្នកតំណាងរាស្ត្រប្រជុំជាមួយកម្ពុជា ខ្ញុំបានធ្វើការជាមួយដៃគូនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំហើយ”។ លោកស្រីបន្ថែមថា “ខ្ញុំដឹងថា ពួកគេផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះកិច្ចព្រមព្រៀងថ្មីនេះ និងភាពជាដៃគូដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក”។
ក្នុងគោលបំណងកាត់បន្ថយឱនភាព ជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលអាមេរិកកាលពីខែមេសា បានប្រកាសកំណត់ពន្ធបដិការថ្មី សម្រាប់គ្រប់ប្រទេសដែលនាំទំនិញចូលសហរដ្ឋអាមេរិក។
នៅពេលប្រកាសដំបូងសហរដ្ឋអាមេរិក បានកំណត់យកពន្ធនាំចូលទំនិញពីកម្ពុជាក្នុងអត្រា៤៩% ដែលជាអត្រាដ៏ខ្ពស់លើសប្រទេសភាគច្រើនលើពិភពលោក។ ទោះយ៉ាងណា បន្ទាប់ពីការចរចាជាបន្តបន្ទាប់ រដ្ឋាភិបាលអាមេរិក បានសម្រេចទម្លាក់មកនៅត្រឹម៣៦% មុននឹងសម្រេចជាចុងក្រោយមកនៅត្រឹម១៩%។
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមានថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីBeth Van Duyne នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។
គោលបំណងនៃជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាមេរិក សម្រាប់ការវិនិយោគពីអាមេរិកលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ បន្ថែមលើនេះ ក៏មានការពិភាក្សាពីការខិតខំបន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ៕







