ដោយ៖ សហការី
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារការ និងដឹកជញ្ជូន បានអញ្ជើញជាសហប្រធានជាមួយលោក SANUI Kazumasa ប្រធាន JICA ប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល (JCC) លើកទី៥ និងលើកចុងក្រោយនៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មន្ត្រីជំនាញពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការសម្របសម្រួលអនុវត្តគម្រោង តំណាងស្ថានទូតជប៉ុននៅកម្ពុជា តំណាង JICA Headquarter និងក្រុមជំនាញការជប៉ុន (OCDI) ផងដែរ។
កិច្ចប្រជុំនេះបានរៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃការសិក្សារបស់គម្រោង រួមមាន គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍកំពង់ផែ ស្តង់ដារបច្ចេកទេសកំពង់ផែនៅកម្ពុជា និងការសិក្សាអភិវឌ្ឍន៍តំបន់កំពង់ផែ។ លទ្ធផលនៃការសិក្សាគម្រោងខាងលើមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍវិស័យកំពង់ផែ ក៏ដូចជាវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រផងដែរ៕









