ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈក្តីបារម្ភអំពីការផ្គត់ផ្គង់បានធូរស្រាល បន្ទាប់ពីកំពង់ផែ Novorossiysk របស់រុស្ស៊ីបានចាប់ផ្តើមនាំចេញប្រេងឆៅឡើងវិញ ក្រោយត្រូវបានផ្អាកមួយរយៈ ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ុយក្រែន។
បច្ចុប្បន្ន ក្រុមអ្នកវិនិយោគកំពុងផ្តោតការយកចិត្តទុកដាក់ឡើងវិញលើផលប៉ះពាល់រយៈពេលវែងនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើលំហូរប្រេងរបស់ប្រទេសរុស្ស៊ី។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានអះអាងថា ទណ្ឌកម្មដែលដាក់លើក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Lukoil កាលពីខែតុលា កំពុងធ្វើឱ្យប្រាក់ចំណូលពីការលក់ប្រេងរបស់ទីក្រុងមូស្គូធ្លាក់ចុះ ហើយត្រូវបានគេរំពឹងថា នឹងកាត់បន្ថយបរិមាណនាំចេញប្រេងរបស់រុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៨សេនមកនៅត្រឹម៦៣,៩២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0100 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ២៦សេនមកនៅត្រឹម៥៩,៦៥ដុល្លារក្នុងមួយបារ៉ែល៕







