ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅថ្ងៃសុក្រនេះ ខណៈក្រុមមន្ត្រីរបស់ធនាគារកណ្តាលអាមេរិក (Fed) បង្ហាញគោលជំហរមិនច្បាស់លាស់លើទិសដៅគោលនយោបាយអត្រាការប្រាក់នាពេលអនាគត។
លោកស្រី Beth Hammack ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Cleveland ក្នុងរដ្ឋ Ohio បានសង្កត់ធ្ងន់ថា អត្រាការប្រាក់គួរនៅមានកម្រិតខ្ពស់ដើម្បីគ្រប់គ្រងអតិផរណា។
លោក Neel Kashkari ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Minneapolis បានបញ្ជាក់ប្រាប់កាសែត Bloomberg ថា លោកបានជំទាស់នឹងការកាត់បន្ថយអត្រាការប្រាក់កាលពីខែវិច្ឆិកា ហើយលោកមិនទាន់ប្រាកដអំពីខែធ្នូនោះទេ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន១,២៥ភាគរយ គិតត្រឹមម៉ោង១០:៥៥នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៧៦ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៨ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,២៧ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៧៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,១៦ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,៣៩ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ២,២៦ភាគរយ៕







