ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ បានបើកកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP)។
កិច្ចប្រជុំកាលពីថ្ងៃទី១២ វិច្ឆិកា បានធ្វើនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្រោមអធិបតីភាព លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សា លើការរៀបចំរបាយការណ៍វាយតម្លៃ ចុងអាណត្តិនៃការអនុវត្តគោលនយោបាយIDP។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលចូលរួមអនុវត្តគោលនយោបាយIDP សរុបចំនួនប្រមាណ៧០រូប។
អង្គប្រជុំបានពិភាក្សាយ៉ាងសកម្ម លើទម្រង់នៃសេចក្ដីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយនេះ ព្រមទាំងបានពិនិត្យលើសូចនាករគន្លឹះ និងទិន្នន័យនានាដែលត្រូវបញ្ចូលក្នុងសេចក្ដីព្រាងរបាយការណ៍នេះផងដែរ។
ចំពោះជំហានបន្ទាប់ក.អ.ក. នឹងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម និងនិន្នន័យពាក់ព័ន្ធនានា សំដៅបញ្ចប់ការរៀបចំរបាយការណ៍នេះ នៅត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦។
ក.អ.ក. ត្រូវបានប្រគល់ភារកិច្ចសម្របសម្រួល អនុវត្តន៍គោលនយោបាយIDP និងធ្វើការរាយការណ៍ជាប្រចាំ ជូនរាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចការនេះ៕








