
ដោយៈ ម៉ាល័យ
សឹង្ហបុរីៈ ធនាគារជាតិនៃកម្ពុជា(NBC) និងក្រុមហ៊ុន TenPay Global បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពី“កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល”។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Daniel Hong អនុប្រធានក្រុមហ៊ុន Tencent Financial Technology ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TenPay Global នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
អនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនTenPay Global ដើម្បីធ្វើការរួមគ្នា ក្នុងការជំរុញអន្តរប្រតិបត្តិការរវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ឌីជីថលរវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងសហការគ្នាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល ព្រមទាំងជំរុញសមាហរណកម្មការទូទាត់ឆ្លងដែន និងផ្ទេរប្រាក់ឆ្លងដែន (ការផ្ទេរប្រាក់ចេញ និងការផ្ទេរប្រាក់ចូល) រវាងប្រទេសកម្ពុជា និងប្រទេសចិន៕







