ដោយៈ ម៉ាលីនណា
ភ្នំពេញៈ របាយការណ៍បានបង្ហាញថា អត្រាកម្ចីសងត្រលប់យឺតបានកើនឡើងជាង៩ភាគរយ ខណៈការខ្ចីឥណទានដើម្បីទិញលំនៅដ្ឋានបានថយចុះ ក្នុងរយៈពេលនៃត្រីមាសទី៣នៃឆ្នាំ២០២៥នេះ។
អ្នកនាំពាក្យសមាគមធនាគារកម្ពុជា លោកសុខ ចាន់បានមានប្រសាសន៍ឲ្យដឹងនៅក្នុងសប្តាហ៍មុនថា ការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យ តម្រូវការគ្រប់គ្រាន់នៃដើមទុន និងគោលនយោបាយការពារអ្នកប្រើប្រាស់ ក៏បានរួមចំណែកដល់ស្ថិរភាពវិស័យនេះផងដែរ។
លោកបានគូសបញ្ជាក់ថា ធនាគារនានានៅតែបន្តអនុវត្តន៍ តាមបទប្បញ្ញត្តិ ដែលចេញដោយធនាគារជាតិនៃកម្ពុជា (NBC) រួមទាំងក្របខ័ណ្ឌអន្តរាគមន៍ត្រួតពិនិត្យដំបូង ដើម្បីធានាបាននូវសន្ទនីយភាពគ្រប់គ្រាន់ និងទុនបម្រុងមូលធនរឹងមាំ។ លោកបន្ថែមថា NBC ក៏បានកាត់បន្ថយទ្រនាប់ដើមទុន មកត្រឹម១.២៥ភាគរយ និងតម្រូវការទុនបម្រុងមកត្រឹម៧ភាគរយផងដែរ ដែលជួយធនាគាររក្សាសន្ទនីយភាព ដើម្បីគាំទ្រដល់តម្រូវការទីផ្សារ។
លោកបានបន្ថែមថា ABC និង NBC បន្តអនុវត្តយន្តការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដើម្បីគ្រប់គ្រងNPL ដែលកំពុងកើនឡើង និងគាំទ្រដល់អ្នកខ្ចីដែលរងផលប៉ះពាល់។
ខណៈដែលកំណើនឥណទាន កំពុងស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ ABC រំពឹងថាសកម្មភាពផ្តល់ប្រាក់កម្ចី នឹងប្រសើរឡើងបន្តិចម្តងៗ នៅពេលដែលប្រាក់ចំណូលអាជីវកម្មងើបឡើងវិញ និងទំនុកចិត្តកាន់តែរឹងមាំ៕









