
ដោយៈ ម៉ាណា
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទីផ្សារឥណទានលក់រាយរបស់កម្ពុជា បានបន្តពង្រីកក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសមតុល្យឥណទានលក់រាយសរុប បានកើនឡើងដល់១៦,១៧ពាន់លានដុល្លារនៅចុងខែកញ្ញា។
នេះបើយោងតាមសន្ទស្សន៍ឥណទានលក់រាយ ដែលចេញផ្សាយដោយការិយាល័យឥណទានកម្ពុជា (CBC)។ នេះតំណាងឱ្យការកើនឡើង១,២២ ភាគរយ ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្ត សម្រាប់ការខ្ចីប្រាក់របស់អ្នកប្រើប្រាស់ទូទាំងប្រទេស។
ចំនួនសរុបនៃគណនីប្រាក់កម្ចីលក់រាយ បានឈានដល់ប្រហែល ២,៣២លាន ដែលបង្ហាញពីការកើនឡើង៥,៧៦ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសមុន។
ការិយាល័យឥណទានកម្ពុជាបានកត់សម្គាល់ថា កំណើនគណនីអាចមើលឃើញនៅទូទាំង ប្រភេទប្រាក់កម្ចីសំខាន់ៗទាំងអស់ ដោយគណនីប្រាក់កម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួន កើនឡើង៥.០ភាគរយ គណនីកាតឥណទាន៦.១ ភាគរយ និងគណនីប្រាក់កម្ចីទិញផ្ទះ៤.៨ ភាគរយក្នុងអំឡុងត្រីមាសនេះ។
ការពង្រីកសមតុល្យឥណទានសរុប ត្រូវបានដឹកនាំជាចម្បងដោយប្រាក់កម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលបានកើនឡើង៣.៧ ភាគរយ និងប្រាក់កម្ចីទិញផ្ទះ បានកើនឡើង៣.៤ភាគរយ ខណៈដែលសមតុល្យប្រាក់កម្ចីកាតឥណទាន បានបង្ហាញពីការកើនឡើងតិចតួចជាង ០.៨ ភាគរយ។
កំណើននេះបានកើតឡើងនៅទូទាំងតំបន់ រួមទាំងតំបន់ខ្ពង់រាប តំបន់វាលទំនាប តំបន់ទន្លេសាប និងតំបន់ឆ្នេរសមុទ្រ ដែលបង្ហាញពីការចូលរួមកាន់តែទូលំទូលាយ ក្នុងការផ្តល់ឥនទានដល់អ្នកប្រើប្រាស់លើសពីមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានចង្អុលបង្ហាញពីតម្រូវការ សម្រាប់ការត្រួតពិនិត្យជាបន្តបន្ទាប់ នៃការផ្តល់ប្រាក់កម្ចីផងដែរ។
ប្រាក់កម្ចីហួសកាលកំណត់លើសពី៩០ ថ្ងៃ មានចំនួន៦.៤០ ភាគរយ នៃប្រាក់កម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួន៤.៨៧ភាគរយ នៃសមតុល្យកាតឥណទាន និង៩.១០ភាគរយនៃប្រាក់កម្ចីទិញផ្ទះ។
CBC ក៏បានរាយការណ៍ផងដែរថា អ្នកខ្ចីប្រាក់ចំនួន៧១.០១ ភាគរយបានខ្ចីប្រាក់ ជាមួយស្ថាប័នហិរញ្ញវត្ថុតែមួយ ខណៈដែល ២៨.៩៩ភាគរយ បានខ្ចីប្រាក់ពីប្រភពច្រើន ដែលនៅតែស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងហានិភ័យនៃការសងប្រាក់វិញ។
CBC បានបញ្ជាក់ថា ការរាយការណ៍ឥណទាន ដ៏ទូលំទូលាយ និងទាន់ពេលវេលា បន្តគាំទ្រដល់ការសម្រេចចិត្ត ផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ និងរួមចំណែកដល់ស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ។
ស្ថាប័នផ្តល់ប្រាក់កម្ចីត្រូវបានគេរំពឹងថា នឹងរក្សាវិន័យឥណទាន ខណៈដែលឆ្លើយតប ទៅនឹងតម្រូវការវិវត្តរបស់គ្រួសារ និងអាជីវកម្ម នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុករីកចម្រើន។
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ទីផ្សារឥណទានលក់រាយរបស់កម្ពុជាក៏បានបន្តពង្រីកផងដែរ ជាមួយនឹងសមតុល្យប្រាក់កម្ចីសរុបកើនឡើងដល់១៥.៩៧ពាន់លានដុល្លារនៅចុងខែមិថុនា នេះបើយោងតាមរបាយការណ៍CBC។
ចំនួនគណនីប្រាក់កម្ចីលក់រាយសកម្ម បានកើនឡើង៣.៥៩ ភាគរយពីត្រីមាសមុន ដោយឈានដល់ប្រហែល២.១៩លានគណនីទូទាំងប្រទេស។ ការកើនឡើងនេះ ត្រូវបានគេមើលឃើញនៅទូទាំងតំបន់សំខាន់ៗ ដែលឆ្លុះបញ្ចាំងពីសកម្មភាពខ្ចីប្រាក់ជាបន្តបន្ទាប់ ទោះបីជាតម្រូវការឥណទានថយចុះក៏ដោយ៕







