ដោយៈ ម៉ាល័យ
ភ្នំពេញៈ លោកតូច ប៊ុនហ៊ួរ និងលោកមាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅទីស្តីការក្រសួងកសិកម្មស្តីពីវឌ្ឍនភាពគម្រោង EU-GERMAN CAPSEFE សហភាពអឺរុប-អាល្លឺម៉ង់។
ពិធីនេះ មានការអញ្ជើញចូលរួមដោយលោក Bryan Fornary ប្រធានកិច្ចសហប្រតិបត្តិការ និងជាសហប្រធានគណ:កម្មាធិការតម្រង់ទិស និងលោកGidon Winderker អនុប្រធានកិច្ចសហប្រត្តិបត្តិការ រួមទាំងសហការីក្រុមការងារគម្រោង។
លោកបញ្ជាក់ថា កិច្ចប្រជុំបានបង្ហាញពីវឌ្ឍនភាព នៃលទ្ធផលគម្រោង ជាមួយនឹងការពិភាក្សាចំណុចសំខាន់ៗ នៃលទ្ធផល រួមមាន គម្រោងនេះ បានបញ្ចប់ដំណាក់កាលចាប់ផ្តើម (Inception phase)រយៈពេល៦ខែ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងបានធ្វើការសិក្សាដូចជា(១) ការសិក្សាស្តីពី ការវិភាគខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេច (២) ការសិក្សាអំពីការងារដែលធានាសិទ្ធិ និងសុវត្ថិភាពកម្មករ មានប្រាក់ចំណូលសមរម្យ និងលក្ខខណ្ឌការងារ ដែលមានគុណភាព(៣). ការសិក្សាស្តីពី ការកាប់បំផ្លាញព្រៃឈើសម្រាប់វិស័យកសិកម្ម និង(៤). ការសិក្សាទិន្នន័យដើមគ្រារបស់គម្រោង។
ជាមួយគ្នានេះ ក៏បានធ្វើការវាយតម្លៃ និងជ្រើសរើសសហគមន៍កសិកម្ម ចំនួន៤០(Acs) និងក្រុមអ្នកផលិតចំនួន៤ ជាក្រុមគោលដៅរបស់គម្រោង។ លើសពីនេះ ក្រុមការងារនៅតាមមូលដ្ឋាន ត្រូវបានជ្រើសរើស និងបានរៀបចំការិយាល័យ នៅខេត្តគោលដៅ មានខេត្តកំពង់ធំ ក្រចេះ កំពត និងខេត្តត្បូងឃ្មុំ ដែលមានទីតាំងនៅក្នុងមន្ទីកសិកម្ម តាមខេត្តនីមួយៗ។
លោកបន្តថា ចំពោះសកម្មភាពបន្ត និងវឌ្ឍនភាពចាប់តាំងពីកិច្ចប្រជុំប្រចាំត្រីមាសចុងក្រោយ គាំទ្រដល់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម(GDA) ដើម្បីធ្វើប្រព័ន្ធឌីជីថល នៃការផ្លាស់ប្តូរវិញ្ញាបនបត្រ ភូតគាមអនាម័យ ePhyto អេឡិចត្រូនិច ដែលជាផ្នែកមួយនៃប្រព័ន្ធ បញ្ហាតែមួយជាតិ គាំទ្រដល់ក្រសួងពាណិជ្ជកម្ម ក្នុងដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិម្រេច និងការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ People in Need (PIN) ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានដើម្បីសាកល្បង និងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យHumboldt ក្នុងទីក្រុងប៊ែកឡាំង និងសាកលវិទ្យាល័យក្នុងស្រុក ធ្វើការសិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយការអនុវត្តល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ។
លោកបានឲ្យដឹងថា គម្រោងEU-GERMAN CAPSEFE បានដាក់ចេញនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងដំណើរការយ៉ាងសកម្ម ក្នុងការសម្រេចគោលដៅដែលបានកំណត់ ជាពិសេសលើការសិក្សាវិភាគ ការរៀបចំរចនាសម្ព័ន្ធគម្រោង ការគាំទ្រដល់ឌីជីថលបនីយកម្ម និងការអភិវឌ្ឍន៍គោលនយោបាយសម្រាប់ដំណាំអាទិភាព៕









