ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ និងសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី យុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមហ៊ុនឯកជន សមាគម ធុរជន ពាណិជ្ជករ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ការចុះបញ្ជីផលិតផល (ច.ប.ផ) គឺជាការគំណត់អត្តសញ្ញាណកម្មសម្គាល់ផលិតផល ដែលបានចុះបញ្ជីរួចរាល់។
គោលបំណងនៃស្លាកសញ្ញា ច.ប.ផ គឺដើម្បីអនុវត្តចំពោះការបិទស្លាកលើរាល់ផលិតផលម្ហូបអាហារ ដែលបានវេចខ្ចប់រួចជាមុនសម្រាប់ផ្តល់ជូនអតិថិជន និងរាល់ទិដ្ឋភាពដែលទាក់ទង ដល់ការបង្ហាញលើស្លាកនោះដូចជា៖ ឈ្មោះក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាសយដ្ឋាន ពាណិជ្ជសញ្ញា សមាសភាពផ្សំ កាលបរិច្ឆេទ និងចំណុះ។
បន្ទាប់ពីទទួលបានការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម នឹងទទួលបានអត្ថប្រយោជន៍គឺស្របតាមបទប្បញ្ញត្តិរបស់ស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់នូវផលិតផល និងទំនិញក្លែងក្លាយ ធ្វើឱ្យផលិតផលទទួលបានភាពទាក់ទាញ មានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងធ្វើឱ្យកើននូវចំណូលពីការលក់ ងាយស្រួលក្នុងការតាមដានទីផ្សារ និងបង្កើនការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈផងដែរ៕









