ការសិក្សា: ទីផ្សារជួលលំនៅឋាននៅទីក្រុងហុងកុងរបស់ប្រទេសចិន និងទីក្រុងបុមបៃរបស់ឥណ្ឌាមានតម្លៃខ្ពស់កប់ពពក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាល្លឺម៉ង់ DWS បានឱ្យដឹងថា ទីក្រុងហុងកុងនៃប្រទេសចិននៅតែជាទីផ្សារជួលលំនៅឋានដែលមានតម្លៃថ្លៃជាងគេបំផុតមួយលើពិភពលោក ដោយសារប្រាក់ចំណូលជាមធ្យមក្នុងគ្រួសារ មិនអាចទប់ទល់នឹងតម្លៃផ្ទះជួលថ្លៃកប់ពពកបាន។

សន្ទស្សន៍​តម្លៃផ្ទះជួលជា​ផ្លូវការ​នៅទីក្រុងហុងកុងបាន​កើនឡើង១,១២ភាគរយ​ក្នុង​ខែសីហា ឆ្នាំនេះ ដែល​ជា​អត្រាកំណើនខ្ពស់​បំផុត​ក្នុង​រយៈពេល១៤ខែ ដល់១៩៨,៧ពិន្ទុ បើធៀបនឹងកម្រិតកំពូលចំនួន២០០,១ពិន្ទុកាលពីខែសីហា ឆ្នាំ២០១៩។

តម្លៃផ្ទះជួលជាមធ្យមនៅទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន គ្របដណ្តប់ចំណែកចំនួន៦១ភាគរយនៃប្រាក់ចំណូលជាមធ្យមរបស់គ្រួសារពលរដ្ឋហុងកុង(Household disposable income)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​របស់ក្រុមហ៊ុន DWS ​បាន​ឱ្យ​ដឹង​បន្តថា ក្រៅពីទីក្រុងហុងកុង តម្លៃ​ជួល​​អាផាតមុិនជា​មធ្យម ដែលមានបន្ទប់គេងចំនួន២ ​​នៅ​​ទីក្រុងបុមបៃរបស់ឥណ្ឌា គ្របដណ្តប់ចំណែក៦៦ភាគរយ​នៃ​ប្រាក់​ចំណូល​ជាមធ្យមក្នុងគ្រួសារ។

ការសិក្សាបានលើកឡើងថា ទីក្រុងទាំងនេះមានតម្លៃផ្ទះជួលខ្ពស់ ហើយបញ្ហានេះបានវិវត្តន៍កាន់តែអាក្រក់ទៅៗ ដោយសារកំណើនប្រជាជនយ៉ាងឆាប់រហ័ស គម្លាតប្រាក់ចំណូល និងកង្វះខាតលំនៅឋាន។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។

ជាក់ស្តែង ទោះជាទីក្រុងហុងកុងត្រូវបានគេមើលឃើញថា ជាទីក្រុងដែលសម្បូរក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនយ៉ាងណាក្តី ក៏ពួកគេនៅតែជួបការលំបាកនៅពេលពិចារណាដល់លទ្ធភាពទិញ ឬជួលលំនៅឋានដើម្បីស្នាក់នៅ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here