ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីក្រុមមន្ត្រីអាមេរិក និងចិន បានគូសបញ្ជាក់នូវការឯកភាពគ្នាលើក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយបន្ធូរបន្ថយការព្រួយបារម្ភ ដែលថា ពន្ធគយ និងការរឹតបន្តឹងការនាំចេញរវាងប្រទេសទាំង២ អាចជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានអះអាងថា ក្រុមមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានឯកភាពលើក្របខ័ណ្ឌដ៏សំខាន់មួយសម្រាប់ឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងអនុញ្ញាតឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៦សេនដល់៦៦,៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0027 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤៦សេនដូចគ្នាដល់៦១,៩៦ដុល្លារក្នុងមួយបារ៉ែល៕







