ទេសាភិបាលធនាគារជាតិកម្ពុជាចូលរួមកម្មវិធីដើម្បីការរីកចម្រើន សេដ្ឋកិច្ចឌីជីថលក្នុងតំបន់

ដោយៈ ចំណាន

ម៉ាឡេស៊ីៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥(ABIS) ក្រោមប្រធានបទ “បង្កើនអំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល”។

វេទិកានេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះមានការចូលរួមពីវាគ្មិនជំនាញ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជា Google និងTikTok ជាដើម ដោយបានផ្តោតលើកិច្ចពិភាក្សាអំពីដំណោះស្រាយចំពោះឧបសគ្គរបស់MSMEs ក្នុងសេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការតំបន់ និងតួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការបង្កើនអំណាចដល់MSMEs ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។

នាឱកាសនេះ លោកជំទាវ បានមានប្រសាសន៍ពីវឌ្ឍនភាពប្រព័​ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេសដំណើររៀបចំប្រព័ន្ធទូទាត់បាគង និងបទពិសោធជោគជ័យ ដែលប្រតិបត្តិការប្រព័ន្ធបាគងបានជំរុញការរីកចម្រើន របស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

លោកជំទាវក៏បានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដើម្បីឱ្យសហគ្រាសអាចធ្វើពាណិជ្ជកម្ម យ៉ាងទូលំទូលាយ សំដៅកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំអមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានវត្តមានចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន ដែលមកពីទូទាំងតំបន់អាស៊ាន និងប្រទេ​សជាដៃគូនានាជុំវិញពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here