ដោយៈ ចំណាន
ភ្នំពេញៈ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង គឺជាដំណើរការដែលក្រុមហ៊ុនឯកជន ប្រែក្លាយខ្លួនជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។
ដំណើរការនេះធ្វើឡើង តាមរយៈការបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈជាលើកដំបូង ដែលអនុញ្ញាតឱ្យក្រុមហ៊ុនកៀរគរមូលនិធិ ដើម្បីគាំទ្រដល់ការពង្រីកប្រតិបត្តិការ និងបង្កើនកំណើនអាជីវកម្មរបស់ ខ្លួនឱ្យកាន់តែប្រសើរ។
តាមរយៈការវិនិយោគលើក្រុមហ៊ុនបោះផ្សាយ សាធារណជនក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុន តាមរយៈការចូលរួមក្នុងទីផ្សារដំបូង វិនិយោគិន អាចទិញភាគហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ មុននឹងភាគហ៊ុនទាំងនោះ ត្រូវបានដាក់ឱ្យជួញដូរនៅលើទីផ្សារបន្ទាប់។
វិនិយោគិនក៏អាចទទួលបានអត្ថប្រយោជន៍ ដូចជា ប្រាក់ចំណេញ មូលធននៅពេលក្រុមហ៊ុនរីកចម្រើន ដែលធ្វើឱ្យតម្លៃទីផ្សារមានការកើនឡើង និងទទួលបានភាគលាភនៅពេលក្រុមហ៊ុន បែងចែកប្រាក់ចំណេញ។
ទន្ទឹមនឹងការទទួលបានប្រាក់ចំណេញ សាធារណជនក៏អាចប្រឈមនឹងហានិភ័យពីការវិនិយោគផងដែរ តែហានិភ័យទាំងនោះអាចកាត់បន្ថយបាន តាមរយៈការទទួលបានព័ត៌មានជាមូលដ្ឋាន ដូចជា ព័ត៌មានរបស់ក្រុមហ៊ុន លក្ខខណ្ឌនៃការបោះផ្សាយ និងស្ថានភាពទីផ្សារជាដើម៕









