ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រោមគំរោងហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន លើទឹកប្រាក់៥០០លានដុល្លារ ផ្លូវជាតិលេខ៥ ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ជាមួយប្រទេសថៃដើរតួនាទីសំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ច និងសង្គម។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៥ ជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ច ភាគខាងត្បូងអាស៊ានដ៏មានសក្តានុពល ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។
លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។
ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។ ផ្លូវជាតិនេះមានប្រវែងសរុប៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ៕










