ដោយៈ ម៉ាលីនណា
ភ្នំពេញៈ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ពេញចិត្តនឹងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ជាមួយក្រសួងទេសចរណ៍ ដោយសន្យាបន្តជួយក្នុងគម្រោងថ្មីៗ បន្ថែមជាច្រើនទៀត។
លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈគម្រោងអភិវឌ្ឍន៍កន្លងមក និងគម្រោងថ្មីៗ បន្តទៀត នៅទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កាជាដៃគូរអភិវឌ្ឍន៍មិនអាចខ្វះបាន លោករដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរ ចំពោះលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ UNDP ដែលតែងតែឈរជាមួយ ក្រសួងទេសចរណ៍ ដើម្បីជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាព ឱ្យប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន តាមរយៈគម្រោងអភិវឌ្ឍន៍ជាច្រើនកន្លងមក៕
តាមរយៈជំនួបនេះ គូភាគី បានសម្តែងនូវការពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិកន្លងមក និងបានសម្រេចពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងអនុវត្តន៍ គម្រោងអភិវឌ្ឍទេសចរណ៍ថ្មីៗ បន្ថែមទៀតសំដៅជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យប្រកបដោយនិរន្តភាព និងជួយថែរក្សាបរិស្ថាន ដោយផ្តោតលើការកាត់បន្ថយផ្លាសិ្ទក និងការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅតំបន់ឆ្នេរ៕








