ដោយៈ ម៉ាណា
ប្រទេសស្វីសៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Deemah AlYahya អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការឌីជីថល(DCO) នៅអំឡុងពេលចូលរួមកិច្ចប្រជុំ UNCTAD 16 ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មឌីជីថល ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានចែករំលែកនូវឧត្តមានុវត្តន៍របស់បណ្តាប្រទេសជាសមាជិក ដែលបានដាក់ចេញដោយជោគជ័យនូវបរិវត្តកម្មឌីជីថល និងបានបង្ហាញអំពីបំណងរបស់ខ្លួនក្នុងការគាំទ្រ ដល់ការអភិវឌ្ឍគំនិតផ្តួចផ្តើម នៃការវិនិយោគផ្ទាល់ពីបរទេសតាមប្រព័ន្ធឌីជីថល (digital FDI) សម្រាប់កម្ពុជា។
បន្ថែមពីនេះ លោកជំទាវអគ្គលេខាធិការ ក៏បានជម្រាបជូនអំពី Platform របស់ខ្លួនដែលមានឈ្មោះថា”STRIDE” ដែលផ្តល់នូវភាពអំណោយផលសម្រាប់សហគ្រិន អាជីវកម្មថី្មៗ និងសហគ្រាសធុនតូចនិងមធ្យម ក្នុងការចាប់ផ្ដើម ការធ្វើឱ្យរីកចម្រើន និងការធ្វើអាជីវកម្មរបស់ពួកគេជាលក្ខណៈអន្តរជាតិ។
លើសពីនេះ Platform នេះក៏អនុញ្ញាតឱ្យក្រុមហ៊ុនដែលទើបចាប់ផ្តើមអាជីវកម្មអាចចុះឈ្មោះ និងបង្កើតអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសសមាជិកផ្សេងទៀត ក្នុងរយៈពេល១៨០នាទីផងដែរ។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបង្កើតកិច្ចព្រមព្រៀងទ្វេភាគីជាមួយកម្ពុជា ដោយចាប់ផ្តើមពីការបង្កើតមន្រ្តីបង្គោល និងកំណត់ផ្នែកជាក់លាក់នៃកិច្ចសហប្រតិបត្តិការ ព្រមទាំងបានអញ្ជើញភាគីកម្ពុជាឱ្យពិចារណា ក្នុងការចូលរួមជាសមាជិករបស់ខ្លួន ដែលបច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន១៦៕









