ដោយៈ ចំណាន
ភ្នំពេញៈ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន សម្រចបាននូវទំហំទឹកប្រាក់ ១២,២៨ពាន់លានដុល្លារ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ កើនឡើង៤,៧៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញមានតម្លៃ៤,៤៧ពាន់លានដុល្លារ ទៅកាន់បណ្ដាប្រទេសជាសមាជិក ASEAN រួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ ប៊្រុយនេ វៀតណាម ឡាវ និងប្រទេសភូមា។ ទន្ទឹមនឹងនេះ ការនាំចូលប្រទេសជាសមាជិក មានទឹកប្រាក់ប្រមាណ៧,៨០ ពាន់លានដុល្លារ ធ្លាក់ចុះ១,៣៥ ភាគរយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ការកើនឡើងនៃការដោះដូរទំនិញ របស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ាន ឆ្លុះបញ្ជាំងពីការងើបឡើងវិញ នៃតម្រូវការក្នុង ក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ៍ទី២១ ខែ តុលា ឆ្នាំ ២០២៥ ថា កម្ពុជាទើបតែដាក់ឱ្យដំណើរការ ព្រលានអន្តរជាតិតេជោ និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតំបន់ និងអន្តរជាតិជាច្រើន ធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាមានភាពល្អប្រសើរ។
កម្ពុជាបាននាំចេញកសិផល សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និង កង់ទៅកាន់ប្រទេសអាស៊ាន ខណៈដែលការនាំចូលមានដូចជាចំណីអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក សម្ភារសំណង់ គ្រឿងយន្តកសិកម្ម និងយានជំនិះ៕









