ដំណឹងល្អ! ផលិតផលខ្មែរជិត១០មុខទៀតនឹងនាំចេញទៅកាន់ទីផ្សារចិននាពេលខាងមុខ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា- ចិន​ឯកភាពគ្នា​​នឹង​ខិតខំពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ព្រម​ទាំង​នីតិវិធីចាំបាច់មួយ​ចំនួន ​ដើម្បីសម្រួលឱ្យកសិផលខ្មែរបន្ថែមទៀត ​អាចចូលទៅដល់ទីផ្សារប្រទេសចិន​ក្នុង​ពេល​ឆាប់ៗ។

​យោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្តីពី “លទ្ធផលនៃការចូលរួមសន្និសីទលើកទី២ ស្តីពី​ “យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ” ដែល​បាន​ប្រព្រឹត្តិ​ទៅ​​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទីកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​ក្នុងឱកាស​នៃ​ការ​​ចូល​រួម​ក្នុងសន្និសីទ​ខាង​លើ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏​បាន​ឆ្លៀត​ពេល​ជួប​ពិភាក្សា​​ជាមួយ​លោកស្រី SUN Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន(GACC) និងជំនួប​មួយ​ទៀត​ជាមួយ​នឹង​លោក ZHAO Zenglian អនុរដ្ឋមន្ត្រីGACC។

គោលបំណង​នៃ​ជំនួប​ទាំង២ខាងលើ គឺ​ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាមអនាម័យ​(SPS)​រវាងកម្ពុជា-ចិន សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត ក៏ដូចជា ការសម្រួលនីតិវិធីនាំចេញទៅប្រទេសចិនស្របតាមការទន្ទឹងរង់ចាំរបស់កសិករ និងវិស័យឯកជនកម្ពុជា។

​តាមរយៈ​កិច្ចប្រជុំខាងលើ​ភាគីទាំង ២ បានឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ​ចំនួន ៣ ​រួមមាន ការ​ពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរ​មួយចំនួនបន្ថែមទៀត ដូចជា​ អង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្អាត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន, ការ​​រៀបចំក្របខ័ណ្ឌក្រុមការងាររួម​ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័ននៃប្រទេសទាំង ២ សំដៅ​ដោះស្រាយបញ្ហារាំងស្ទះកើតឡើងជាយថាហេតុ​ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព, និង​​ជំរុញនីតិវិធីចុះបញ្ជីជាមួយ GACC ដើម្បីផ្តល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូច​អាចមានលទ្ធភាព​ចូលទៅកាន់ទីផ្សារប្រទេសចិន​ក្នុងលក្ខ​ខណ្ឌ​ដែលកសិដ្ឋានទាំងនោះមានការអនុវត្តកសិកម្មល្អ(GAP)។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្មកម្ពុជា លោក ឌិត ទីណា បាន​ចាត់​ទុក​លទ្ធផលនៃ​ជំនួប​នេះ​​គឺ​ជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​កសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អំពាវនាវឱ្យកសិករ និងផ្នែក​ឯកជនពាក់ព័ន្ធនៅ​កម្ពុជា បន្តការអនុវត្តកសិកម្មល្អ(GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន​សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាម​នីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា។

លោកបាន​ថ្លែង​ថា៖​«​ក្រសួងសូមថ្លែងអំណរគុណដល់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន​ចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញអនុវត្តនីតិវិធីពាក់ព័ន្ធ ដើម្បីបង្កើនឱកាសនាំចេញសម្រាប់កសិផល របស់កម្ពុជាក្នុងពេលកន្លងមកនេះ»។

កសិផលកម្ពុជា ដែល​កំពុង​ទទួល​បាន​ការអនុញ្ញាតឱ្យនាំចេញជាផ្លូវ​ការ​ទៅប្រទេសចិន មាន​ដូចជា អង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច ផ្លែទុរេនស្រស់។

ទិន្នន័យ​​របស់អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ឱ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល ៩ខែដើម​ឆ្នាំ ២០២៥ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា-ចិន មាន​ទឹក​ប្រាក់​​សរុប ១៤,២១ ពាន់​លាន​ដុល្លារ កើន​ឡើង​ ២៧,៥% ​បើ​ធៀប​នឹងរយៈ​ពេល​ដូចគ្នា​ក្នុង​​​ឆ្នាំ​ ២០២៤។ ទំនិញ​ដែល​កម្ពុជា​នាំ​ទៅ​ចិន មាន​ប្រមាណ ១,១៨ ពាន់​លាន​ដុល្លារ ថយចុះ ៧,៧% ចំណែក​ទំនិញ​ចិន​នាំមក​វិញ ១៣,០៣ ពាន់​លាន​ដុល្លារ កើន​ឡើង​ ៣២%។ ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here