
ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO)នៅកម្ពុជា បានសហការគ្នាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយក្នុងការចុះបញ្ជី ម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication-GI) សម្រាប់ផលិតផលកសិកម្មកម្ពុជាចំនួនពីរបន្ថែមទៀត។
ផលិតផលកសិកម្មពីរ ដែលគ្រោងនឹងចុះបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រ(GI) គឺស្វាយកែវរមៀតឧត្តរមានជ័យ និងស្វាយចន្ទីកំពង់ធំ។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងកាលពីថ្ងៃចន្ទ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីមកពីនាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ក្រសួង និងក្រុមការងារបច្ចេកទេសរបស់ អង្គការFAO ដែលបានពិភាក្សាគ្នាពីការពន្លឿនផែនទីបង្ហាញផ្លូវសម្រាប់ការចុះបញ្ជី។
កិច្ចប្រជុំបានផ្តោតទៅលើការ សម្រួលនូវនីតិវិធីបច្ចេកទេស និងផ្នែកច្បាប់ ដែលត្រូវការសម្រាប់ការទទួលស្គាល់ ម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រជាតិ និងអន្តរជាតិ ដែលជាការកំណត់ដែលភ្ជាប់គុណភាព និងកេរ្តិ៍ឈ្មោះពិសេសរបស់ផលិតផល ទៅនឹងប្រភពភូមិសាស្ត្ររបស់វា។ កែវរមៀត គឺជាពូជស្វាយដ៏ល្បីរបស់កម្ពុជា ហើយខេត្តឧត្តរមានជ័យ គឺជាតំបន់ផលិតកម្មដ៏សំខាន់។ វាជាពូជស្វាយដ៏ពេញនិយមបំផុតរបស់កម្ពុជានៅទូទាំងទីផ្សារនាំចេញ។
កំពង់ធំជាខេត្តមួយដែលល្បី ខាងផលិតកម្មគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជាដែលគេតែងហៅថាជា “អធិរាជស្វាយចន្ទី”។
ប្រធានបទសំខាន់នៃកិច្ចពិភាក្សាគឺការអភិវឌ្ឍន៍ និងការបញ្ចប់នៃសៀវភៅបញ្ជាក់សម្រាប់ផលិតផលនីមួយៗ។ ឯកសារនេះមានសារសំខាន់ ក្នុងការកំណត់លក្ខណៈពិសេស វិធីសាស្រ្តផលិត និងប្រព័ន្ធត្រួតពិនិត្យគុណភាព ដែលបែងចែកផ្លែស្វាយកែវរមៀត ខេត្តឧត្តរមានជ័យ និងស្វាយចន្ទីកំពង់ធំ ពីផលិតផលស្រដៀងគ្នា។
លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ។
លោកបញ្ជាក់ថា “ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការជំរុញការចុះឈ្មោះសម្រាប់ឋានៈGI សម្រាប់ផលិតផលទាំងនេះ”។
រហូតមកដល់ពេលនេះ ផលិតផលកម្ពុជាចំនួនប្រាំបីត្រូវបានចុះបញ្ជីជាផលិតផលGI រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិលនិងផ្កាអំបិលកំពត បង្កងតាកែវ ទឹកត្រីកំពត-កែប និងប្រហុកសៀមរាប៕








