ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគសង្ឃឹមថា សហរដ្ឋអាមេរិក និងចិនអាចស្វែងរកដំណោះស្រាយដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មក្នុងអំឡុងជំនួបរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីចិន សុី ជីនពីង នៅសប្តាហ៍ក្រោយ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៥២ភាគរយ គិតត្រឹមម៉ោង១:១៦នាទី។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២៩ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ១,៣៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៣៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,៦១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,៣៥ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៧ភាគរយ៕







