គោលនយោបាយដំឡូងមីត្រូវបានត្រួតពិនិត្យ វាយតម្លៃនិងតាមដាន

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.)។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយអ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបា​យជាតិស្តីពី ដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃ ក.ត.គ.ដ. លើកទី២ ក្នុងឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សមាជិក សមាជិកាតំណាងពីអន្ដរក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងនាយកដ្ឋានពាក់ព័ន្ធ រួមទាំងតំណាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ទៅលើឯកសារចំនួន២ ទី(១) វឌ្ឍនភាព និងសូចនាករពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានចែង នៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥

និង (២) សេច​ក្ដីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយនេះផងដែរ។

គោលនយោបាយជាតិនេះ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ដោយឡែក ក្នុងឆ្នាំ២០២៥ គឺជាឆ្នាំចុងអាណិត្តនៃការអនុវត្តគោលនយោបាយជាតិនេះ ដែលក្រសួងពាណិជ្ជកម្មក្នុងនាមជាប្រធានក្រុមការងារអន្តរស្ថាប័ននេះ ដែលមានភារកិច្ចសម្របសម្រួលជាមួយអន្ដរក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរៀបចំការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយជាតិនេះ ក្នុងគោលបំណងរៀបចំរបាយការណ៍លទ្ធផល និងសេចក្តីសន្និដ្ឋានរួម និងដាក់ជូនក្រុមការងារអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យលទ្ធភាពរៀបចំយន្តការ និងទិសដៅបន្ទាប់ក្នុងការបន្តជំរុញ អភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here