ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនអាផាតមុិនដែលមានតម្លៃចាប់ពី១០០លានដុង (ប្រមាណ៣.៨០០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ បានគ្របដណ្តប់ចំណែក៥៣ភាគរយនៃការផ្គត់ផ្គង់អាផាតមុិនថ្មីនៅទីក្រុងហាណូយនៃប្រទេសវៀតណាមក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។
ចំណែក៤៧ភាគរយផ្សេងទៀត ជាអាផាតមុិនដែលមានតម្លៃចន្លោះពី៥០លានដុងទៅ១០០លានដុងក្នុងមួយម៉ែត្រការ៉េ។ ការផ្គត់ផ្គង់អាផាតមុិនថ្មីបានធ្លាក់ចុះ៩ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម៨.១០០យូនីតក្នុងត្រីមាសទី៣។
តម្លៃអាផាតមុិនជាមធ្យមនៅសង្កាត់ Viet Hung បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីចំនួន១១៨លានដុងក្នុងមួយម៉ែត្រការ៉េ ដែលមានន័យថា អាផាតមុិនទំហំ៥០ម៉ែត្រការ៉េមានតម្លៃ៥,៩ពាន់លានដុង។
យោងតាមទិន្នន័យពីវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានបង្ហាញថា តម្លៃអាផាតមុិននៅទីក្រុងហាណូយបានកើនឡើងជិតពីរដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
កាលពីខែកញ្ញា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានណែនាំឱ្យធនាគារកណ្តាលវៀតណាមវាយតម្លៃតម្រូវការផ្តល់ប្រាក់កម្ចីដល់ការទិញអចលនទ្រព្យលំនៅដ្ឋានក្នុងគោលបំណងរស់នៅពិតប្រាកដ ស្របពេលមានការទិញទុកលក់ចំណេញ(Speculation)។
លោកក៏បានបញ្ជាឱ្យធ្វើសវនកម្មលើស្ថាប័នឥណទាន ដែលផ្តល់ប្រាក់កម្ចីជាថ្នូរនឹងវត្ថុបញ្ចាំដើម្បីទប់ស្កាត់បំណុលអាក្រក់(Bad debt) នាពេលអនាគត៕ប្រភព: Vnexpress៕









