តំណាងADBផ្តល់អនុសាសន៍លើការធ្វើកំណែទម្រង់ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោក Anthony Gill នាយកស្តីទីADBប្រចាំកម្ពុជា​ បានលើកឡើងពីកម្មវិធីកំណែទម្រង់សំខាន់ៗ ដែលកម្ពុជាត្រូវធ្វើ ដើម្បីរុញការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែខ្លាំង និងឆាប់រហ័សខណៈបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាកំពុងរងសម្ពាធ ដោយសារជម្លោះព្រំដែន​ជាមួយថៃ។

លោក Anthony Gill បានមានប្រសាសន៍ថា ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន និងធន់ កម្ពុជាត្រូវតែពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការពារសង្គម។ ការនេះអាចធ្វើទៅបានលុះត្រា តែមានការកៀរគរធនធានក្នុងស្រុក កាន់តែមានប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែលមានមូលដ្ឋានទូលំទូលាយ និង​ផ្តល់អត្ថប្រយោជន៍ ប្រកបដោយបរិយាបន្ន កម្ពុជា ត្រូវការបណ្តាញផ្លូវប្រសើរជាងមុន ថាមពលកាន់តែច្រើន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងជំនួយសង្គមនានា ដើម្បីជួយដល់ក្រុមងាយរងគ្រោះក្នុងគ្រាមានវិបត្តិ”។

លោកបន្តថា ​បន្ថែមពីនេះ ការកៀរគរធនធានក្នុងស្រុក មានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចចំណាយលើទំនិញសាធារណៈសំខាន់ៗ ក៏ដូចជាបណ្តាញសុវត្ថិភាពសង្គម។

លោកបន្តថា ADB កំពុងគាំទ្ររដ្ឋាភិបាល ក្នុងការអនុវត្តកំណែទម្រង់សារពើពន្ធ ដូចជាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន តាមរយៈប្រាក់កម្ចីផ្អែកលើគោលនយោបាយ សម្រាប់គ្រប់គ្រងវិស័យសាធារណៈ។

ជាមួយនេះ ​លោកAnthony Gill ​បានលើកឡើងផងដែរពីសម្ពាធមួយចំនួន ដែលនាំឱ្យការអភិវឌ្ឍ​អន់ថយ​ ស្របពេលដែលកំពុងមានភាពតានតឹង​ នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដែលនាំដល់បញ្ហាប្រឈម សម្រាប់ការងើបឡើងវិញ​។

ផល​ប៉ះពាល់​ទាំងនោះមានដូចជា ការរំខានដល់ពាណិជ្ជកម្ម និងអតិផរណា​ ការរំខានដល់ទីផ្សារការងារ និងភាពអត់ការងារធ្វើ​ ​ការរំខានផ្នែកទេសចរណ៍ និងការបាត់បង់ប្រាក់ចំណូល​ជាដើម។

លោកបញ្ជាក់ថា “បញ្ហាប្រឈមទាំងនេះ ធ្វើឱ្យការវិនិយោគដែ​លបានលើកឡើងខាងលើ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ បរិ​យាកាសអាជីវកម្ម និងជាពិសេសធនធានមនុស្ស កាន់តែមានសារៈសំខាន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here